(កូឡុំប៊ី)៖ អតីតទាហានកូឡុំប៊ីម្នាក់ ដែលត្រូវបានសម្លាប់កំលុងការបាញ់ប្រយុទ្ធគ្នា ជាមួយកម្លាំងប៉ូលិសហៃទី ដោយសង្ស័យជាប់ពាក់ព័ន្ធ ការធ្វើឃាតប្រធានាធិបតីហៃទី លោក ហ្សូណេវែល ម៉ូអ៉ីស គឺត្រូវបានជួលឲ្យធ្វើជាអង្គរក្ស ។ នេះបើតាមសម្តីអះអាងរបស់ប្អូនស្រីជននោះ ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។
អ្នកនាង ចេននី ការ៉ូលីណា ខាផេឌ័រ (Jenny Carolina Capador) ដែលជាប្អូនស្រីរបស់លោក ឌូបឺនី ខាផេឌ័រ (Duberney Capador) បាននិយាយថា បងប្រុសខ្លួនត្រូវបានអតីតមិនរួមការងារម្នាក់ ផ្តល់ឱកាសការងារមួយឲ្យ ពាក់ព័ន្ធការផ្តល់សន្តិសុខឲ្យបុគ្គលសំខាន់ៗ។ នៅថ្ងៃដែលលោក ម៉ូអ៉ីស ត្រូវគេធ្វើឃាត អ្នកនាង ចេននី និងលោក ឌូបឺនី បានផ្ញើសារទាក់ទងគ្នា ហើយលោក ឌូបឺនី បានប្រាប់ដូច្នេះថា «យើងបានមកដល់ទីនេះ យឺពេល។ គួរឲ្យសោកស្តាយដែលពួកយើងមិនអាចធ្វើអ្វីបាន សម្រាប់បុគ្គលដែលយើងត្រូវការពារ»។
អ្នកនាង ចេននី បានអះអាងថា បងប្រុសខ្លួនមិនបានធ្វើរឿងដូចដែលគេចោទប្រកាន់នោះទេ ដោយថាវាច្បាស់ជាការយល់ច្រឡំ។ បើតាមអ្នកនាង ចេននី លោក ឌូបឺនី បានចូលនិវត្តកាលពីឆ្នាំ២០១៩ ក្រោយបម្រើវិស័យយោធាអស់រយៈពេល២១ឆ្នាំ ហើយមកប្រកបរបរចិញ្ចឹមសត្វមាន់និងត្រី។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរហៃទី ជនបរទេសចំនួន២៨នាក់ ក្នុងនោះជនជាតិកូឡុំប៊ី២៦នាក់ និងជនជាតិហៃទីសញ្ជាតិអាមេរិក២នាក់ មានជាប់ពាក់ព័ន្ធករណីធ្វើឃាតលោក ហ្សូណេវែល ម៉ូអ៉ីស កាលពីថ្ងៃពុធសប្តាហ៍នេះ។ ជនសង្ស័យ១៧នាក់ ត្រូវបានចាប់ខ្លួន ខណៈ ៣នាក់ ក្នុងនោះរួមទាំងលោក ឌូបឺនី ផងដែរ ត្រូវបានសម្លាប់ ហើយ៨នាក់ទៀត កំពុងស្ថិតក្រោមការបន្តតាមចាប់ខ្លួន៕