(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,៣៥៣នាក់ និងស្លាប់ថ្មី ៨៧នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
២៖ យោធាអាហ្វហ្គានីស្ថាន នៅថ្ងៃសោរ៍នេះបានឱ្យដឹងថាក្រុមសកម្មប្រយុទ្ធតាលីបង់យ៉ាងហោច ១០៩នាក់ត្រូវបានសម្លាប់ និង២៥នាក់ទៀតរងរបួស ក្នុងការវាយប្រយុទ្ធគ្នានៅឯខេត្តចំនួន២ ស្ថិតនៅភាគខាងត្បូងនៃប្រទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ។
៣៖ អាជ្ញាធរជប៉ុន នៅថ្ងៃសៅរ៍នេះបានបង្គាប់ឱ្យប្រជាជនច្រើនជាង ១២០,០០០នាក់ ដែលរស់នៅក្នុងតំបន់មួយចំនួននៃបណ្ដាខេត្តភាគខាងត្បូង ជម្លៀសខ្លួន ទៅរកទីទួលមានសុវត្ថិភាពរៀបចំដោយរដ្ឋ ដោយសារតែបារម្ភពីភ្លៀងធ្លាក់ខ្លាំង។
៤៖ មេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អោង ហ្លេង (Min Aung Hlaing) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០២លានដូសហើយ ចាប់ពីខែកក្កដានេះតទៅ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានរាយការណ៍ពីការកើនឡើងនូវករណីឆ្លង និងស្លាប់កាន់តែច្រើនឡើងៗ។
៥៖ មនុស្សចំនួន ០៩នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿង ដឹកដោយអ្នកលោតឆ័ត្រយោង បានធ្លាក់នៅជិតផ្លូវរត់នាអាកាសយានដ្ឋាន អូរ៉េប្រូ (Orebro) នៃប្រទេសស៊ុយអែត។
៦៖ ប្រទេសហៃទីបានស្នើសុំជំនួយយោធា ពីកងកម្លាំងសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) និងសហរដ្ឋអាមេរិក ដើម្បីការពារហេដ្ឋរចនាសម្ពន្ធនានារបស់ខ្លួន ក្នុងនោះរួមមានទាំងអាកាសយានដ្ឋាន និងកំពង់ផែ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក ចូវែណែល ម៉ូអ៉ីស (Jovenel Moise)៕