(បាងកក)៖ ក្រុមហ៊ុន អាកឃី ប្រាកាន (Akkhie Prakarn Public Co Ltd ឬ AKP) ដែលមានឯកទេសក្នុងការកម្ទេចកាកសំណល់ឧស្សាហកម្ម និងមានមូលដ្ឋាននៅក្នុងស្រុក បាង ភូ (Bang Pu) ខេត្ត សាមុត ប្រាកាន (Samut Prakan) ប្រទេសថៃ នឹងទទួលខុសត្រូវចំពោះការកម្ទេចចោលសារធាតុគីមី នៅរោងចក្រគីមី មីង ឌីហ៍ (Ming Dih Chemical) ជាកន្លែងដែលការផ្ទុះដ៏កក្រើកមួយ បានកើតឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។
នាយកប្រតិបត្តិក្រុមហ៊ុន AKP លោក វ៉ាន់ឆៃ លឿងវីរីយ៉ា (Wanchai Leungwiriya) បានគូសបញ្ជាក់នៅថ្ងៃសៅរ៍នេះថា «ក្រុមហ៊ុនបាននិងកំពុងចាប់ផ្តើមដឹកជញ្ជូនសារធាតុគីមី ស្ទីរែន (styrene ជាសារធាតុអ៊ីដ្រូកាបូនរាវ) ពីកន្លែងផ្ទុះ ដើម្បីយកមកបោះចោលនៅក្នុងឡដុតកម្ទេចរបស់ខ្លួន ដែលស្ថិតនៅក្នុងស្រុក Bang Pu ហើយ ដែលមានវាសមត្ថភាពដុតនៅកម្រិត ១,២០០អង្សាសេ ដើម្បីបំផ្លាញសារធាតុគីមីទាំងនោះក្នុងកម្រិតម៉ូលេគុល»។
លោក Wanchai បានគូសបញ្ជាក់បន្ថែមថា «ខណៈដែលសារធាតុគីមី styrene មានប្រមាណ ៦០០តោនទៀតនៅរោងចក្រយើងរំពឹងថា វានឹងចំណាយពេល ៥-១០ថ្ងៃអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។ ភ្លៀងអាចបន្ថយល្បឿននៃការយកសារធាតុគីមីទាំងនោះ ចេញពីរោងចក្រទៅកាន់រថយន្តដឹកធុងផ្ទុក ដែលមានគុណភាពស្ដង់ដាអន្តរជាតិ (ISO) របស់យើង»។
គួរបញ្ជាក់ថា ការផ្ទុះដ៏កក្រើកនៅឯរោងចក្រគីមី Ming Dih Chemical ដែលស្ថិតនៅក្នុងស្រុក Bang Phli ខេត្ត Samut Prakan ប្រទេសថៃនេះ បានបង្ខំឱ្យមានការជម្លៀសប្រជាជនដែលរស់នៅក្បែរ ឬចម្ងាយ ៥គីឡូម៉ែត្រពីទីកន្លែងផ្ទុះ ហើយមនុស្សរាប់ម៉ឺននាក់ បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារអគ្គីភ័យដ៏ធំសម្បើម បង្កឡើងដោយការផ្ទុះនោះ៕