(គូឡាឡាំពួរ)៖ នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ៩,៣៥៣នាក់ ដែលជាតួលេខខ្ពស់បំផុត មិនធ្លាប់មាននោះឡើយ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន CNA។
ជាងពាក់កណ្តាលនៃចំនួនករណីឆ្លងថ្មីៗ ដែលត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងខាងលើនេះ គឺស្ថិតនៅក្នុងតំបន់ ក្លាង វ៉ាលឡេយ (Klang Valley) នៅក្នុងរដ្ឋ សេឡាំហ្គ័រ (Selangor) ខណៈករណីឆ្លងជិតពាក់កណ្តាលទៀត គឺត្រូវបានកត់ត្រានៅក្នុងរដ្ឋធានី គូឡាំឡាំពួ, រដ្ឋ ណេហ្គែរី សិមប៊ីឡេន (Negeru Sembilan) និងរដ្ឋផាហាង (Pahang) ជាដើម។
នេះជាថ្ងៃទី២ហើយ ដែលម៉ាឡេស៊ីនបានបំបែកកំណត់ត្រា នៃការរកឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ដោយកាលពីថ្ងៃសុក្រម្សិលមិញ ចំនួនអ្នកឆ្លងរហូតដល់ ៩,១៨០នាក់ផងដែរ ត្រូវបានរាយការណ៍។ នៅក្នុងតំបន់ Klang Valley ដែលកំពុងរងការរាតត្បាតជំងឺ COVID-19 ខ្លាំងបំផុតនោះ បាននិងកំពុងបង្កើនការធ្វើតេស្ត និងរឹតត្បិតការធ្វើចរាចរណ៍ជារួម។
គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីត្រូវបានបិទខ្ទប់ (lockdown) ទាំងស្រុងជាលើកទី ៣ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា បន្ទាប់ពីករណីឆ្លង COVID-19 ក្នុងមួយថ្ងៃជាង ៩,០០០នាក់ ត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ គិតត្រឹមពេលនេះ ម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ៨២០,០០០ករណី ក្នុងនោះស្លាប់ជាង ៦,០០០នាក់ និងជាសះស្បើយវិញជាង ៧៣០,០០០នាក់៕