(កាន់ដាហារ)៖ យោធាអាហ្វហ្គានីស្ថាន នៅថ្ងៃសោរ៍នេះបានឱ្យដឹងថាក្រុមសកម្មប្រយុទ្ធតាលីបង់យ៉ាងហោច ១០៩នាក់ត្រូវបានសម្លាប់ និង២៥នាក់ទៀតរងរបួស ក្នុងការវាយប្រយុទ្ធគ្នានៅឯខេត្តចំនួន២ ស្ថិតនៅភាគខាងត្បូងនៃប្រទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។
យោធាអាហ្វហ្គានីស្ថាន បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នៅក្នុងខេត្តកាន់ដាហារ (Kandahar) ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ៧០នាក់ត្រូវបានសម្លាប់ និង០៨នាក់រងរបួស បន្ទាប់ពីកងកម្លាំងការពារជាតិ និងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANDSF) ដែលគាំទ្រដោយកងកម្លាំងអាកាសអាហ្គានីស្ថាន (AAF) បានធ្វើប្រតិបត្តិការបោសសម្អាតនៅសង្កាត់ប៉ូលិសទី៧ នៃទីរួមខេត្ត Kandahar និងសង្កាត់ Dand។
ចំណែកឯ ក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន ៣៩នាក់ផ្សេងទៀតក៏ត្រូវបានសម្លាប់ និង១៧នាក់ផ្សេងទៀតក៏រងរបួស នៅក្នុងខេត្ត Helmand ហើយ អាវុធនិងគ្រាប់រំសេវដ៏ច្រើនសន្ធឹកសន្ធាប់របស់ពួកគេ ក៏ត្រូវបានបំផ្លាញផងដែរនៅក្នុងខេត្តទាំងពីរខាងលើនេះ។
យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីការស្លាប់ និងរងរបួសដែលអាចកើតមាននៅខាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន មិនត្រូវបានគេដឹងច្បាស់នោះទេ។ រីឯ
ក្រុមសកម្មប្រយុទ្ធតាលីបង់ ក៏មិនទាន់បានធ្វើការអត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយដែរ។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រម្សិលមិញនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានវាយប្រហារទីតាំងរបស់ ANDSF និងបានព្យាយាមជ្រៀតចូលទៅក្នុងខេត្ត Kandahar ដែលបង្កឱ្យមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាពេញមួយថ្ងៃ៕