(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,៣២៦នាក់ និងស្លាប់ ៩១នាក់ (ជាចំនួនករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត) នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈមន្ទីរពេទ្យមួយចំនួន ជាពិសេសនៅក្នុងទីក្រុងបាងកក កំពុងប្រឈមមុខនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងករណីឆ្លងទាំងអស់ខាងលើនេះមាន ៩,១៣៤នាក់ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ និង ១៩២ករណីនៅលើអ្នកទោសនៅតាមពន្ធនាគារ។ ចំនួនអ្នកឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៣៣៦,១៥៨នាក់ ក្នុងនោះស្លាប់ ២,៦២៥នាក់ និងជាសះស្បើយឡើងវិញ ២៤៣,៩១៨នាក់។
ប្រឈមមុខនឹងរលកទី៣នៃ COVID-19 នាពេលបច្ចុប្បន្ន រដ្ឋាភិបាលថៃកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ទីក្រុងបាងកក និងខេត្តចំនួន ០៩ ទៀតឲ្យស្ថិតនៅក្រោមវិធានការបិទខ្ទប់ (lockdown) រយៈពេលយ៉ាងហោច ១៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ។
ប្រជាជនថៃដែលរស់នៅក្នុងរាជធានីបាងកក ព្រមទាំងខេត្តក្បែរខាងដូចជា ណាខន ផាថុម (Nakhon Pathom), ណុថាបុរី (Nonthaburi), ផាធំ ថានី (Pathum Thani), សាមុត ប្រាកាន (Samut Prakan) និង សាមុត សាខន (Samut Sakhon) រួមជាមួយខេត្តអ្នកដែលនៅខេត្ត ណារ៉ាត់ធីវ៉ាត់ (Narathiwat), ប៉ាតតានី (Pattani), សុងក្លា (Songkhla) និង យ៉ាឡា (Yala) ក្នុងតំបន់ភាគខាងខាងត្បូង ត្រូវបានណែនាំកុំឲ្យចាកចេញពីលំនៅឋាន ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍ក្រោយទៅ ប្រសិនបើគ្មានការចាំបាច់ទេនោះ។
ហាក់ទំនិញ និងផ្សារ នឹងត្រូវបិទទ្វារចាប់ពីម៉ោង ៨៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺ នៅក្នុងទីក្រុងបាងកក ហើយរដ្ឋាភិបាលថៃ ក៏បានចេញបទបញ្ជាឲ្យមានការបិទជាបណ្តោះអាសន្ន ចំពោះហាងលក់ទំនិញ និងផ្សារតូចៗនៅក្នុងខេត្តចំនួន ០៦ ក្នុងចំណោមខេត្តទាំងប៉ុន្មានខាងលើផងដែរ លើកលែងតែផ្សារទំនើបធំៗ និងតំបន់លក់ថ្នាំពេទ្យ ភោជនីយដ្ឋាន កាហ្វេ ធនាគារ ព្រមទាំងទីតាំងដែលត្រូវបានចាត់ជាកន្លែងចាក់វ៉ាក់សាំង ដែលនឹងអាចធ្វើប្រតិបត្តិការបានដល់ម៉ោង ៨៖០០នាទីយប់។
ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយ ទាំងវិស័យឯកជន និងរដ្ឋនៅក្នុងទីក្រុងបាងកក និងខេត្តក្បែរ នឹងតម្រូវឲ្យអនុវត្តគោលការណ៍បំពេញការងារពីផ្ទះជាអតិបរមា ខណៈមធ្យោបាយធ្វើដំណើរសាធារណៈ នឹងត្រូវធ្វើប្រតិបត្តិការក្រោមការរឹតត្បិត។ រីឯការជួបជុំគ្នាក្នុងសង្គមនឹងត្រូវកំណត់ ឲ្យអាចមានមនុស្សច្រើនបំផុតត្រឹម ០៥នាក់ នៅតាមតំបន់ទាំងនេះ។
ថៃកំពុងប្រឈមនឹងរលកឆ្លងរាតត្បាត COVID-19 ធ្ងន់ធ្ងរ ជាងលើកណាៗទាំងអស់ ដែលបានចាប់ផ្តើមកាលពីខែមេសា កន្លងទៅ។ អាជ្ញាធរថៃកំពុងឃ្លាំមើលវីរុសបម្លែងថ្មីគួរឲ្យបារម្ភចំនួន ០៣ នោះគឺ Alpha (មានប្រភពដើមនៅអង់គ្លេស), Beta (អាហ្រ្វិកខាងត្បូង) និង Delta (ឥណ្ឌា) ខណៈ Delta កំពុងរីករាលដាលយ៉ាងរហ័ស ជាពិសេសនៅក្នុងទីក្រុងបាងកកផ្ទាល់។
លើសពីនេះទៀត រលកទី ៣ នៃការរាតត្បាត COVID-19 ក៏បានធ្វើឱ្យមន្ទីរពេទ្យមួយចំនួនជាពិសេសនៅក្នុងទីក្រុងបាងកក កំពុងខ្វះខាតគ្រែសម្រាប់អ្នកជំងឺ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU)ផងដែរ។ ជាក់ស្ដែងកាលពីសប្ដាហ៍មុន មន្ទីរពេទ្យ សិរីរាជ (Siriraj Hospital) ក្នុងទីក្រុងបាងកក ត្រូវបានគេរាយការណ៍ថាខ្វះខាតគ្រែ សម្រាប់អ្នកជំងឺ COVID-19 នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ហើយអាជ្ញាធរកំពុងបារម្ភថា បើសិនជាករណីឆ្លងនៅតែបន្តកើនឡើង បញ្ហាប្រឈមបែបនេះអាចនឹងកើតឡើង នៅតាមមន្ទីរពេទ្យនានានៅទាំងប្រទេស។
រូបភាពជាច្រើនសន្លឹកដែលត្រូវបានបង្ហោះតាមបណ្តាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ហាញអំពីការសម្រុកទៅធ្វើតេស្ត នៅតាមទីកន្លែងសំខាន់ៗដែលរដ្ឋបានដាក់ចេញ ហើយខ្លះត្រូវបង្ខំចិត្តសម្រាកនៅហ្នឹងកន្លែង ដើម្បីរង់ចាំទទួលការធ្វើតេស្តរក COVID-19 ជាពិសេសនៅទីក្រុងបាងកក៕