(ព័រអូប្រាំង)៖ ប្រទេសហៃទីបានស្នើសុំជំនួយយោធា ពីកងកម្លាំងសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) និងសហរដ្ឋអាមេរិក ដើម្បីការពារហេដ្ឋរចនាសម្ពន្ធនានារបស់ខ្លួន ក្នុងនោះរួមមានទាំងអាកាសយានដ្ឋាន និងកំពង់ផែ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីលោក ចូវែណែល ម៉ូអ៉ីស (Jovenel Moise)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១។
លោក Jovenel Moise ត្រូវបានក្រុមឃាតកបាញ់សម្លាប់ នៅឯគេហដ្ឋានរបស់លោក ស្ថិតនៅជាយរដ្ឋធានីព័រអូប្រាំង កាលពីថ្ងៃទី០៧ ខែកក្កដា។ បើតាមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតនៃប្រទេសហៃទី លោក ម៉ាតស៊ីយ៉ាស ព្យែរ (Mathias Pierre) ការស្នើសុំជំនួយយោធាពីសហរដ្ឋអាមេរិក ត្រូវបានលើកឡើងនៅក្នុងកិច្ចសន្ទនាមួយ រវាងនាយករដ្ឋមន្ត្រីស្ដីទីហៃទី លោក ក្លដ ចូសិព (Claude Joseph) និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន (Antony Blinken) កាលពីថ្ងៃពុធកន្លងទៅ ហើយហៃទីក៏បានស្នើសុំជំនួយពីកងកម្លាំង សន្តិសុខអង្គការសហប្រជាជាតិផងដែរ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ (ពេលវេលានៅហៃទី)។
លោក Mathias Pierre បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងស្ថិតនៅក្នុងស្ថានភាពមួយ ដែលយើងជឿជាក់ថា ហេដ្ឋារចនាសម្ពន្ធនានានៅក្នុងប្រទេសដូចជា អាកាសយានដ្ឋាន និងកំពង់ផែជាដើម អាចនឹងក្លាយជាគោលដៅនៃការវាយប្រហារ»។ លោក Pierre បន្ថែមទៀតថា ការស្នើសុំជំនួយផ្នែកសន្តិសុខទាំងនេះអាចនឹង ជួយធានាបានថា ការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ អាចនឹងប្រព្រឹត្តទៅតាមគ្រោងទុក។
នៅមុននេះបន្តិច មន្ត្រីអង្គការសហប្រជាជាតិ (UN) បានប្រាប់សារព័ត៌មានរុស្ស៊ី Sputnik ថា ការិយាល័យលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូទែរែស បានទទួលលិខិតពីហៃទីរួចហើយ ប៉ុន្តែការសម្រេចចិត្តយ៉ាងណានោះ គឺមិនទាន់អាចធ្វើបានភ្លាមៗឡើយ។ ដោយឡែកសហរដ្ឋអាមេរិកវិញបានសន្យាថា នឹងបញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ មកពីស្ថាប័នប៉ូលិស FBI និងក្រសួងសន្តិសុខមាតុភូមិអាមេរិក ទៅកាន់ប្រទេសហៃទីក្នុងពេលឆាប់ៗនេះ តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា បើតាមប៉ូលិសហៃទី ការធ្វើឃាតប្រធានាធិបតីលោក Jovenel Moise ត្រូវបានប្រព្រឹត្តឡើងដោយក្រុមឃាតក ជាកងកុម្ម៉ង់ដូរពិសេសមួយក្រុម ដែលមានសមាជិកជាជនជាតិកូឡុំប៊ី ២៦នាក់ និងពលរដ្ឋអាមេរិកដើមកំណើតហៃទី ០២នាក់ មានឈ្មោះថា ចេមស៍ សូឡេកស៍ (James Solages អាយុ៣៥ឆ្នាំ) និង ចូសិព វិនសិនត៍ (Joseph Vincent អាយុ៥៥ឆ្នាំ) ដោយអ្នកទាំង ០២មកពីរដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក។ ពួកគេទាំងនេះរួមជាមួយជនសង្ស័យជាច្រើននាក់ទៀត ត្រូវបានប៉ូលិសហៃទីចាប់ខ្លួន នៅក្នុងការផ្ទុះអាវុធដាក់គ្នា មួយនៅជាយរដ្ឋធានីព័រអូប្រាំង ហើយជនសង្ស័យ ០៣នាក់ត្រូវបានសម្លាប់ និង ០៨នាក់ផ្សេងទៀតកំពុងរត់គេចខ្លួន៕