(ព្រុចសែល)៖ តំបន់សមុទ្រខ្មៅបានក្លាយជាទីលានប្រឈមមុខដាក់គ្នាយ៉ាងក្ដៅគគុករវាងយោធារុស្ស៊ី និងយោធាលោកខាងលិចនារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ឧបទ្ទវហេតុដ៏គ្រោះថ្នាក់មួយបានកើតឡើងកាលពីចុងខែមិថុនាកន្លងទៅ នៅពេលដែលមានសេចក្ដីរាយការណ៍ថានាវាចម្បាំង និងយន្ដហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែក និងបាញ់ព្រមានជាច្រើនគ្រាប់ ដើម្បីបណ្ដេញនាវាពិឃាតអង់គ្លេស HMS Defender ឱ្យចេញឆ្ងាយពីតំបន់ដែនទឹកមួយស្ថិតនៅក្បែរតំបន់គ្រីមៀដែលទីក្រុងម៉ូស្គូចាត់ទុកថា ជាដែនទឹករបស់ខ្លួន។

មួយថ្ងៃក្រោយឧបទ្ទវហេតុនេះ ភាពតានតឹងនៅតំបន់សមុទ្រខ្មៅកាន់តែឡើងកម្ដៅ ដោយយន្ដហោះចម្បាំង Su-30 និងយន្ដហោះទម្លាក់គ្រាប់បែក Su-24 របស់រុស្ស៊ីបានហោះក្រវែលយ៉ាងទាបពីលើនាវាចម្បាំងមួយគ្រឿងរបស់ហូឡង់ ហើយកាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅនេះ កងទ័ពជើងទឹករុស្ស៊ីប្រចំាតំបន់សមុទ្រខ្មៅក៏បានប្រឈមមុខដាក់គ្នា ជាមួយនាវាល្បាតអេស្ប៉ាញមួយគ្រឿងផងដែរ។ ហេតុការណ៍ថ្មីៗទាំងនេះបានកើតឡើងចំពេលសហរដ្ឋអាមេរិក និងអ៊ុយក្រែនកំពុងដឹកនាំការធ្វើសមយុទ្ធយោធាមួយរបស់ អង្គការ NATO មានឈ្មោះថា «Sea Breeze» ក្នុងតំបន់សមុទ្រខ្មៅជាមួយនឹងបណ្ដាប្រទេសច្រើនជាង ៣០ផ្សេងទៀត។

ជាការឆ្លើយតប រុស្ស៊ីបានដឹកនាំសមយុទ្ធយោធាកំញើញសាច់ដុំដូចគ្នា ដែលនេះបាន និងកំពុងបង្កឱ្យការព្រួយបារម្ភពីលទ្ធភាពនៃការផ្ទុះជម្លោះរវាងរុស្ស៊ី និងអង្គការ NATO នៅឯតំបន់សមុទ្រខ្មៅ ហើយថាតើការបង្អួតសាច់ដុំយោធាដាក់គ្នាបែបនេះអាចនឹងបង្កឱ្យសង្រ្គាមផ្ទុះឡើងដែរឬទេ?

*តេស្ដប្រតិកម្មគ្នាទៅវិញទៅមក

លោក ហ្គូស្តាវ គ្រីសសែល (Gustav Gressel) ជាអ្នកជំនាញផ្នែកគោលនយោបាយការបរទេសម្នាក់ មកពីក្រុមប្រឹក្សាអឺរ៉ុបស្ដីពីទំនាក់ទំនងការបរទេស ឬហៅកាត់ថា ECFR (European Council on Foreign Relations) បានប្រាប់សារព័ត៌មាន Euronews ថាភាពតានតឹងនៅឯតំបន់សមុទ្រខ្មៅត្រូវបានរុស្ស៊ី និងអង្គការ NATO ប្រើប្រាស់ដើម្បីធ្វើតេស្ដ ប្រតិកម្មគ្នាទៅវិញទៅមក។ សកម្មភាពថ្មីៗចុងក្រោយបំផុតរបស់រុស្ស៊ី ជាអ្វីដែលទីក្រុងម៉ូស្គូចង់ប្រាប់ពិភពលោកទាំងមូលថាតំបន់គ្រីមៀជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន រីឯតាមរយៈ សកម្មភាព និងការធ្វើសមយុទ្ធយោធានៅឯតំបន់សមុទ្រខ្មៅ លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកក៏ចង់ប្រាប់ត្រឡប់ទៅវិញដែរថារុស្ស៊ីមិនអាចធ្វើតាមអំពើចិត្ត ហើយពួកគេ នឹងមិនទទួលស្គាល់តំបន់គ្រីមៀជាទឹកដីរុស្ស៊ីនោះទេ។

លោក Gressel បានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិតណាស់ រុស្ស៊ីបានចាត់ទុកតំបន់គ្រីមៀជាកម្មសិទ្ធិរបស់ខ្លួន និងចង់ឱ្យលោកខាងលិចទទួលស្គាល់ថាតំបន់គ្រីមៀជាទឹកដី របស់រុស្ស៊ីដែរ។ មួយវិញទៀត រុស្ស៊ីក៏ចង់បង្ហាញដែរថាខ្លួនមិនចង់ឃើញវត្តមានយោធា NATO នៅក្នុងតំបន់សមុទ្រខ្មៅ ជាពិសេសគឺនៅតំបន់គ្រីមៀតែម្ដង»។ បណ្ដាប្រទេស លោកខាងលិចបានចោទប្រកាន់រុស្ស៊ីថាបានក្រសោបយកតំបន់គ្រីមៀដោយខុសច្បាប់ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលរាល់ការចោទប្រកាន់ ដោយអះអាងថាប្រជាជនភាគច្រើននៅតំបន់គ្រីមៀទៅវិញទេ ដែលសម្រេចចិត្តចង់ក្លាយជាផ្នែកមួយរបស់រុស្ស៊ីតាមរយៈការបោះឆ្នោតប្រជាមតិនៅពេលនោះ។

*ហេតុអ្វីផ្ទុះភាពតានតឹងនៅពេលនេះទៅវិញ?

កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅនេះ រុស្ស៊ីបានប្រកាសពីការហាមឃាត់ការចេញចូលតំបន់មួយចំនួននៃឧទ្វីបគ្រីមៀសម្រាប់រយៈពេល៦ខែ ដោយហាមមិនឱ្យនាវាបរទេស ចូលទៅក្នុងតំបន់ហាមឃាត់ទាំងនោះឡើយ។ បើតាមលោក Gressel ការសម្រេចចិត្តរបស់រុស្ស៊ី គឺជាការដាក់សម្ពាធបន្ថែម និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែននៅក្នុងរដូវក្ដៅនេះ។

អ៊ុយក្រែន និងសម្ពន្ធមិត្តលោកខាងលិចបានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តបែបនេះរបស់រុស្ស៊ី។ ក៏ប៉ុន្តែវិមានក្រឹមឡាំងបានច្រានចោលការរិះគន់ទាំងនេះ ហើយ បាននិយាយថាការរឹតត្បិតនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មដឹកជញ្ជូនទេ។ ឧបទ្ទវហេតុរវាងនាវាពិឃាតអង់គ្លេស និងនាវាចម្បាំងហូឡង់ជាមួយនាវាចម្បាំង និងយន្ដហោះចម្បាំងរបស់រុស្ស៊ីកាលពីចុងខែមិថុនាកន្លងទៅ បានកើតឡើងនៅក្បែរតំបន់ហាមឃាត់នេះឯង។ លោក Gressel យល់ថាឧបទ្ទវហេតុនេះគឺអង់គ្លេស និងហូឡង់ ចង់បង្ហាញពីការគាំទ្រ និងសាមគ្គីភាពជាមួយអ៊ុយក្រែន ប្រឈមមុខនឹងរុស្ស៊ី។

*រុស្ស៊ីថ្កោលទោសចេនាបង្ករឿងរបស់លោកខាងលិច

នៅពេលត្រូវបានសាកសួរពីនាវាពិឃាតអង់គ្លេស HMS Defender ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនបានថ្កោលទោស និងចាត់ទុកថាសកម្មភាពរបស់នាវាពិឃាតអង់គ្លេស ក្នុងតំបន់សមុទ្រខ្មៅ ជាទង្វើបង្ករឿងដោយចង់ធ្វើតេស្ដប្រតិកម្មពីរុស្ស៊ី។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកាលពីសប្ដាហ៍មុន លោកពូទីន បានគូសបញ្ជាក់ ដូច្នេះថា៖ «ច្បាស់ណាស់ វាជាទង្វើបង្ករឿង ហើយមិនមែនត្រឹមមានជាប់ពាក់ព័ន្ធនឹងអង់គ្លេសតែម្នាក់ឯងនោះទេ តែសហរដ្ឋអាមេរិកក៏មានជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះដែរ»។
លោក ពូទីន ថែមទាំងបានអះអាងទៀតផងថាយន្ដហោះស៊ើបការណ៍អាមេរិកមួយគ្រឿងបានធ្វើប្រតិបត្តិការរួមគ្នាជាមួយនាវាពិឃាតអង់គ្លេសដើម្បីតាមឃ្លាំមើលការឆ្លើយតប របស់យោធារុស្ស៊ីចំពោះនាវាពិឃាតអង់គ្លេស។

មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកបានទទួលស្គាល់ដែរថាយន្ដហោះស៊ើបការណ៍អាមេរិក ពិតជាបានចូលរួមក្នុងប្រតិបត្តិការនោះមែន ជាទម្លាប់ធម្មតាដែលធ្លាប់ធ្វើ កន្លងមក។ តែទោះជាបែបនេះក្ដី លោក ពូទីនបានសង្កត់ធ្ងន់ថាឧបទ្ទវហេតុទាំងឡាយដែលបានកើតឡើង បាននិងកំពុងធ្វើឱ្យភាពតានតឹងនៅតំបន់គ្រីមៀឡើងកម្ដៅដល់កម្រិត
ថ្មីមួយ។ «ពួកគេមិនបានទទួលស្គាល់អ្វីនោះទេ...ហើយវាគ្មានបញ្ហាឡើយដោយពួកគេអាចបន្តបដិសេធមិនទទួលស្គាល់តទៅទៀត ប៉ុន្តែថាតើហេតុអ្វីបានជាពួកគេធ្វើសកម្មភាព បង្ករឿងបែបនេះ?»។ នេះជាការចោទសួររបស់លោកពូទីន។

លោក ពូទីនបានបន្ថែមដូច្នេះថា៖ «យើងកំពុងតស៊ូដើម្បីអនាគតខ្លួនឯងនៅលើទឹកដីរបស់យើង។ យើងមិនមែនជាអ្នកដែលធ្វើដំណើររាប់ពាន់គីឡូម៉ែត្រដើម្បីទៅបង្ករឿងជាមួយ ពួកគេឡើយ តែផ្ទុយទៅវិញ គឺពួកគេទេដែលធ្វើដំណើរមកតំបន់ព្រំដែនរបស់យើង និងបានបំពានចូលដែនទឹករបស់យើង»។ ដូច្នេះទោះជាយើងបាញ់ពន្លិចនាវាចម្បាំងទាំងនោះ ក៏ដោយ តែវាពិតជាពិបាកស្រមៃថានឹងបង្កឱ្យមានសង្រ្គាមលោកលើកទី៣ ពីព្រោះអ្នកដែលបង្ករឿងបានដឹងយ៉ាងច្បាស់ថាពួកគេនឹងមិនអាចឈ្នះនៅក្នុងសង្រ្គាមនេះទេ»

ការអត្ថាធិប្បាយរបស់លោក ពូទីន ធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីយោធារុស្ស៊ីបានព្រមានថានឹងធ្វើការបាញ់ប្រហារភ្លាម បើសិនជានាវាចម្បាំងលោកខាងលិចណាមួយហ៊ានចូលមកក្នុង ដែនទឹករុស្ស៊ីសាជាថ្មី។

*សង្រ្គាមអាចផ្ទុះឡើងនៅសមុទ្រខ្មៅ ដែរឬទេ?

ក្រុមអ្នកជំនាញភាគច្រើនដូចជាលោក Gustav Gressel យល់ថានៅក្នុងរយៈពេលដ៏ខ្លី ឬមធ្យម សង្រ្គាមនឹងមិនផ្ទុះឡើងដោយសារតែភាពតានតឹងផ្នែកយោធា និងការប្រឈមមុខ ដាក់គ្នានាពេលបច្ចុប្បន្នរវាងរុស្ស៊ី និងលោកខាងលិចនៅតំបន់សមុទ្រខ្មៅនោះទេ។ ពោលជម្លោះ ឬសង្រ្គាមអាចនឹងផ្ទុះឡើងគឺវាអាស្រ័យទៅលើថាតើនាវាចម្បាំងប្រទេសណា ដែលត្រូវតតាំងជាមូយរុស្ស៊ី។ មានន័យថានៅពេលត្រូវប្រឈមមុខនឹងនាវាចម្បាំងអាមេរិក ឬអង់គ្លេស ឬក៏ប្រទេសមហាអំណាចលោកខាងលិចណាមួយ រុស្ស៊ីក៏ត្រូវពិចារណា ពីរទៅបីដងដែរ មុននឹងសម្រេចចិត្តថាត្រូវធ្វើសង្រ្គាម ឬក៏អត់។

ជាឧទាហរណ៍ជាក់ស្ដែង នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយនាវាពិឃាតអង់គ្លេស HMS Defender រុស្ស៊ីបានត្រឹមតែបាញ់ព្រមានប៉ុណ្ណោះដោយមិនហ៊ានបង្កគ្រោះថ្នាក់ធំដុំដល់ នាវាពិឃាតមួយនេះឡើយ ផ្ទុយទៅនឹងកាលពីឆ្នាំ២០១៨ ជាពេលដែលរុស្ស៊ីបានរឹបអូសនាវាល្បាត និងចាប់ខ្លួននាវិកអ៊ុយក្រែន២៤នាក់នៅក្នុងជម្លោះនៅក្បែរច្រកសមុទ្រ Kerch តភ្ជាប់រវាងសមុទ្រខ្មៅ និងសមុទ្រ Azov។ ចំណែកឯ សហរដ្ឋអាមេរិក និងអង់គ្លេសក៏ដូចគ្នាដែរ ពួកគេក៏ប្រហែលជាមិនហ៊ានយកឈើទៅចាក់ខ្លាឃ្មុំទឹកកកដូចជារុស្ស៊ីឱ្យភ្ញាក់នោះ ដែរ៕

ប្រភព៖ Euronews (ថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១)