(ប៉ារីស)៖ រដ្ឋមន្ត្រីសុខាភិបាលបារាំងលោក អូលីវីយ៉េ វ៉ែរ៉ង់ (Olivier Veran) នៅថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា វីរុស COVID-19 បម្លែងថ្មី Delta អាចនឹងរ៉ាប់រងករណីឆ្លងថ្មីៗមួយភាគធំ នៅក្នុងប្រទេសបារាំងចាប់ពីចុងសប្ដាហ៍នេះតទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Veran ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុបារាំង ហ្វ្រង់អាំងទែរ (France Inter)។ រដ្ឋមន្ត្រីសុខាភិបាលបារាំងរូបនេះបន្ថែមទៀតថា វីរុសបម្លែងថ្មី Delta បច្ចុប្បន្នបានរ៉ាប់រងជិត ៥០ភាគរយនៃករណីឆ្លង COVID-19 ថ្មីៗនៅក្នុងប្រទេស ហើយក្រុមរដ្ឋមន្ត្រីបារាំងនៅត្រូវជួបប្រជុំគ្នា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាគ្នាពីការគំរាមកំហែងនៃរលកទី ៤ និងវិធានការទប់ស្កាត់នានា។
គួរបញ្ជាក់ថា លោក Olivier Veran ធ្លាប់បានព្រមានថា រលកទី ៤ COVID-19 អាចនឹងវាយប្រហារប្រទេសបារាំងនៅចុងខែកក្កដា ហើយលោកបានជំរុញឱ្យប្រជាជនបារាំង រួសរាន់ទៅចាក់វ៉ាក់សាំងឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ បើតាមគេហទំព័រ Worldometer បារាំងមានអ្នកឆ្លង COVID-19 សរុប ៥.៧លាននាក់ ក្នុងនោះស្លាប់ ១១១,២៨៤នាក់ និងជាសះស្បើយឡើងវិញ ៥.៦៤លាននាក់។ ចំណែកឯការចាក់វ៉ាក់សាំងវិញ បារាំងសម្រេចបាន ៥៧.៨លានដូស៕