(កាប៊ុល)៖ ក្រុមឧទ្ទាមតាលីបង់ (Taliban) នៅថ្ងៃសុក្រនេះបាននិយាយថា ពួកគេបានវាយលុក និងកាន់កាប់តំបន់ដ៏សំខាន់មួយ ដែលជាច្រកឆ្លងកាត់ព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាន ជាមួយប្រទេសអ៊ីរ៉ង់ហើយ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញសេចក្ដីប្រកាសការពារយ៉ាងច្បាស់លាស់ អំពីការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ AFP នាល្ងាចថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។
ក្រុមឧទ្ទាម Taliban បានវាយលុក និងកាន់កាប់បានជាងមួយភាគបីនៃស្រុកទាំង ៤០០ របស់ប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីសហរដ្ឋអាមេរិក បានពន្លឿនការដកកងទ័ពចេញពីប្រទេសនេះ កាលពីដើមខែឧសភាមកម៉្លេះ ហើយនាពេលឥឡូវនេះ បានកាន់កាប់តំបន់ដ៏សំខាន់មួយ ដែលជាច្រកឆ្លងកាត់ព្រំដែនជាមួយប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ព្រំដែនជាមួយប្រទេសចិនហើយ។ អ្នកនាំពាក្យក្រុម Taliban លោក Zabihullah Mujahid បាននិយាយថា «ការឆ្លងកាត់ច្រកព្រំដែននេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងទាំងស្រុង»។
ជុំវិញបញ្ហានេះ មន្ត្រីរដ្ឋាភិបាលអាហ្វហ្គានីស្ថានម្នាក់បាននិយាយថា កិច្ចប្រឹងប្រែងបាននិងកំពុងដំណើរការ ដើម្បីវាយដណ្តើមយកមកវិញនូវតំបន់ អ៊ីស្លាម កាឡា (Islam Qala) ដែលជាច្រកឆ្លងកាត់ដ៏សំខាន់មួយ សម្រាប់លំហូពាណិជ្ជកម្មរវាងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសអ៊ីរ៉ង់ ខណៈក្រុមឧទ្ទាម Taliban កំពុងបន្តបង្កើនការវាយលុកនៅទូទាំងប្រទេស។
គួរបញ្ជាក់តាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក រារ៉េក អារៀន (Tareq Arian) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា «កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានទាំងអស់ រួមទាំងអង្គភាពការពារព្រំដែន ដែលមានវត្តមាននៅក្នុងតំបន់នោះ កំពុងបង្កើនកិច្ចប្រឹងប្រែងវាយដណ្តើមកាន់កាប់ ទីតាំងនោះឡើងវិញហើយ»។
ការដកកងទ័ពចេញរបស់សហរដ្ឋអាមេរិក ពីប្រទេសអាហ្វហ្គានីស្ថាន បាននិងកំពុងធ្វើឲ្យរដ្ឋាភិបាលទីក្រុងកាបុល ជួបប្រទះបញ្ហាកាន់តែតានតឹង ខណៈក្រុមតាលីបង់កាន់តែបង្កើនការវាយសម្រុក យកទឹកដីជាបន្តបន្ទាប់។ លោក ចូ បៃដិន ទើបតែបានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អាមេរិកនឹងសម្រេចការដកទ័ពជាស្ថាពរពីអាហ្វហ្គានីស្ថាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១៕