(ប៉េកាំង)៖ ប្រទេសចិនបានប្រកាសពីការបញ្ជូនយន្តហោះពិសេស ទៅដឹកពលរដ្ឋខ្លួនសរុប ២១០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន កាលពីពេលថ្មីៗនេះ ខណៈសហរដ្ឋអាមេរិកទើបតែបានប្រកាស អំពីការកំណត់ពេលដកទ័ពទាំងស្រុង ចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី៣១ ខែសីហាខាងមុខ និងក្រុមតាលីបង់ចាប់ផ្តើមបើកការវាយប្រហារកាន់តែខ្លាំង នៅតាមបណ្តាខេត្ត-ក្រុង នៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។
បើតាមកាសែតរដ្ឋចិន Global Times យន្តហោះរៀបចំដោយអាជ្ញាធរចិន បានចាកចេញពីទីក្រុង សៀមិន (Xiamen) តាំងតែពីថ្ងៃទី០២ ខែកក្កដា ដើម្បីធ្វើដំណើរទៅកាន់រដ្ឋធានីកាបុល នៃប្រទេសអាហ្វហ្គានីស្ថាន ហើយបានដឹកជនជាតិចិនសរុប ២១០នាក់ ត្រលប់មកវិញ ដោយធ្វើការចុះចតនៅខេត្ត ហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន។
កាសែត Global Times ក៏បានរាយការណ៍បន្ថែមទៀតផងដែរថា ជនជាតិ ២២នាក់ក្នុងចំណោម ២១០នាក់នោះត្រូវបានធ្វើតេស្ត «វិជ្ជមាន» COVID-19 នៅពេលឡើងយន្តហោះ ធ្វើដំណើរមកកាន់មាតុប្រទេសវិញ។ ការដកទ័ពជាបន្តបន្ទាប់របស់អាមេរិក បានធ្វើឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ ខណៈការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់ គឺជាបញ្ហាធំបំផុតដែលប្រទេសអាស៊ីខាងត្បូងមួយនេះ បាននិងកំពុងដោះស្រាយស្រាយដោយខ្លួនឯង៕