(ប៉េកាំង)៖ ពិតមែនតែក្រុមអ្នកប្រឆាំងប្រទេសចិនមួយចំនួនរបស់លោកខាងលិចបានវាយប្រហារ និងលាបពណ៌លើប្រទេសចិនជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែប្រសិទ្ធភាព នៃការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុងរយៈពេលមួយឆ្នាំកន្លងមកបានបញ្ជាក់ថាច្បាប់នេះមិនត្រឹមតែបានគាំពារសន្តិសុខអធិបតេយ្យភាពជាតិ និងផលប្រយោជន៍ អភិវឌ្ឍន៍របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានគាំពារផលប្រយោជន៍និងសុខសុភមង្គលរបស់អ្នកក្រុងហុងកុងទៀតផង។
*ទីមួយ៖ ច្បាប់សន្តិសុខជាតិទទួលបានការគាំទ្រពីសំណាក់អ្នកក្រុងហុងកុង។ តាមការស្ទង់ប្រជាមតិរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវ Zi Jin កាលពីខែមិថុនា ឆ្នាំនេះ បានឱ្យដឹងថាអ្នកក្រុងហុងកុងដែលបានចូលរួមផ្តល់ប្រជាមតិមានចំនួន ៧៥.៧ភាគរយមានការពេញចិត្តចំពោះប្រសិទ្ធភាពនៃការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុង អ្នកក្រុង ហុងកុងដែលបានចូលរួមផ្តល់ប្រជាមតិចំនួនលើសពី៧០ភាគរយបានសម្គាល់ឃើញថា ការអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុងធ្វើឱ្យពួកគេកាន់តែមានជំនឿចិត្ត ចំពោះអនាគតនៃគោលនយោបាយស្តីពី «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ»។
សភាពាណិជ្ជកម្មអាមេរិកនៅហុងកុងបានធ្វើការស្ទង់ប្រជាមតិមួយដែលបានបង្ហាញឱ្យឃើញថា អ្នកចូលរួមផ្តល់ប្រជាមតិចំនួន ៧៧ភាគរយសម្គាល់ឃើញថាជីវភាព រស់នៅ នៅហុងកុងមានគុណភាពល្អប្រសើរ។ ប្រព័ន្ធសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសដែលទៅធ្វើការនៅហុងកុងក៏មានចំនួនកាន់តែច្រើនឡើងៗផងដែរ។
*ទីពីរ៖ ហុងកុងមានឋានៈនឹងនរ។ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ នាវាចរណ៍និងពាណិជ្ជកម្មអន្តរជាតិ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មូលប័ត្រថ្មីនៅទីផ្សារហុងកុង ប្រមូលបានប្រាក់ទុនលើសពី ៥សែនលានដុល្លារហុងកុង បានកើនជាង៥០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ នៅឆ្នាំ២០២០ បរិមាណប្រាក់ទុន ដែលហូរចូលទីផ្សារហុងកុងបានរក្សាភាពនឹងនរ។ ក្នុងរយៈពេល៥ខែដំបូងឆ្នាំនេះ ទំហំទំនិញនាំចេញនិងនាំចូលនៃក្រុងហុងកុងបានកើនឡើង២៩.៤ភាគរយ និង២៥.៧ភាគរយដោយឡែកពីគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
បច្ចុប្បន្ននេះ សហគ្រាសចិន និងបរទេសប្រហែល៩ពាន់សហគ្រាសបានបង្កើតទីស្នាក់ការនៅក្រុងហុងកុង ក្នុងនោះមានចំនួន លើសពី៤០ភាគរយគឺជាទីស្នាក់ការ ទូទៅក្នុងតំបន់ ។
*ទីបី៖ ហុងកុងមានអនាគតប្រកបដោយនិន្នាការល្អ។ ឆ្នាំនេះ ប្រទេសចិនបានចាប់ផ្តើមអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤ ហើយប្រការនេះនឹងនាំមកនូវ កាលានុវត្តភាពថ្មីដល់ការអភិវឌ្ឍរបស់ហុងកុង។ ច្បាប់សន្តិសុខជាតិនៅហុងកុងបាននាំមកនូវបរិយាកាសប្រកបដោយសុវត្ថិភាពនិងស្ថិរភាព មិនបាច់សង្ស័យឡើយ ប្រការនេះបានបង្កើតលក្ខខណ្ឌមានអំណោយផលដល់ហុងកុងរួមបញ្ចូលកាន់តែល្អជាមួយស្ថានការណ៍ទូទៅនៃការអភិវឌ្ឍប្រទេសជាតិ។
តាមទិន្នន័យដែលរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា នៅត្រីមាសទីមួយឆ្នាំនេះ ប្រាក់ចំណូលសរុបនៃ អ្នកក្រុងហុងកុងបានកើនឡើង ៧.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ទ្រព្យសម្បតិ្តគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ កាន់លំដាប់ទីបីនៅលើពិភពលោក ។ ក្រៅពីនេះ GDPរបស់ហុងកុងនៅត្រីមាសទីមួយឆ្នាំនេះបានកើនឡើង ៧.៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន សេដ្ឋកិច្ចបានចាប់ផ្តើមងើបឡើងវិញ។
ការផ្លាស់ប្តូររបស់ហុងកុងក្នុងរយៈពេលមួយឆ្នាំកន្លងមកបានបញ្ជាក់យ៉ាងពេញលេញថា ច្បាប់សន្តិសុខជាតិនៅហុងកុងមិនត្រឹមតែបានគាំពារសន្តិសុខ អធិបតេយ្យភាពជាតិ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានគាំពារផលប្រយោជន៍ទាំងមូលនៃក្រុងហុងកុង និងសុខសុភមង្គល របស់អ្នកក្រុងហុងកុងទៀតផង។ អាចប៉ាន់ប្រមាណថា ក្រោមការគាំពាររបស់ច្បាប់សន្តិសុខជាតិនៅហុងកុង «គជ់បូព៌ា» នឹងបញ្ចេញពន្លឺកាន់តែភ្លឺចិញ្ចែងចិញ្ចាច សហគ្រាសទុនបរទេសមុខជានឹងទទួលបានការអភិវឌ្ឍកាន់តែធំនៅហុងកុងជាមិនខាន៕