(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៩,៣៤៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៦១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៦៧៦,៨៩៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២២,២១៣នាក់ និងជាសះស្បើយឡើងសរុប ២៩.២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer គ្រោងនឹងស្នើសុំការអនុញ្ញាតពី អាជ្ញាធរនិយតករអាមេរិក ដើម្បីអាចចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនសម្រាប់ដូសទី ៣ ឬ booster dose នៅខែក្រោយនេះ។ ការស្នើនេះកើតមានឡើង ដោយផ្អែកលើភស្តុតាងនៃហានិភ័យ ក្នុងការឆ្លងវីរុស COVID-19 កើតមានសាជាថ្មី ក្រោយការចាក់វ៉ាក់សាំងគ្រប់ដូសបាន ០៦ខែ និងដោយសារការព្រួយបារម្ភ អំពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣២លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨២.៩លាននាក់ (៥៥.៧%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥៧.៩លាននាក់ (៤៨.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕