(ព័រអូប្រាំង)៖ ប្រធានាធិបតីហៃទីលោក ហ្សូវែណែល ម៉ូអ៉ីស (Jovenel Moïse) ត្រូវបានខ្មាន់កាំភ្លើងមួយក្រុមបាញ់សម្លាប់នៅឯគេហដ្ឋានឯកជនរបស់លោកក្នុង រដ្ឋធានី ព័រអូប្រ៉ាំង (Port-au-Prince) កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ ការធ្វើឃាតលោក Moïse បានបង្កភាពតក់ស្លុត យ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ហើយកំពុងធ្វើឱ្យប្រទេសក្នុងតំបន់ការីបៀនមួយនេះដែលមានប្រជាជនជិត ១១លាននាក់ប្រឈមមុខនឹងភាពវឹកវរ និងអនាគត មិនច្បាស់លាស់។

*តើមានអ្វីកើតឡើងលើលោក Jovenel Moïse?

នាយករដ្ឋមន្ត្រីស្ដីទីហៃទីលោក ក្លូត ចូសេប (Claude Joseph) បានឱ្យដឹងថាខ្មាន់កាំភ្លើងមួយក្រុមបានសម្រុកចូលក្នុងគេហដ្ឋានរបស់លោកប្រធានាធិបតី Moïse នៅម៉ោងប្រមាណជា ១ រំលង អធ្រាត្រឈានចូលថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ហើយបានបាញ់សម្លាប់រូបលោក Moïse តែម្ដង។ បើតាមលោក Joseph ភរិយារបស់លោក Moïse គឺលោកស្រី ម៉ាទីន ម៉ូអ៉ីស (Martine Moïse) ក៏ត្រូវបានក្រុមឃាតកបាញ់ឱ្យរបួសផងដែរ និងត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅ សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីស្ដីទីរូបនេះបានបន្ថែមដែរថាលោកនឹងដឹកនាំប្រទេសហៃទីជាបណ្ដោះអាសន្នជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នដោយ ផ្ដល់អំណាចឱ្យយោធាជាអ្នកគ្រប់គ្រងសន្តិសុខជាតិ។

*ហេតុអ្វីលោក Jovenel Moïse ត្រូវបានគេធ្វើឃាត?

មកទល់នឹងពេលនេះ ចេតនាពិតប្រាកដនៅពីក្រោយការលួចធ្វើឃាតលោក Jovenel Moïse មិនទាន់មានការបញ្ជាក់ជាផ្លូវការនោះទេ។ តែយ៉ាងណាក៏ដោយ ការធ្វើឃាតលោក Moïse កើតមានឡើង ចំពេលប្រទេសហៃទីនៅតែបន្តស្ថិតក្នុងភាពចលាចលអស់រយៈពេលជាច្រើនខែមកនេះ ហើយមួយផ្នែកធំនៃភាពចលាចល នេះគឺបង្កឡើងដោយសារការកាន់អំណាចដ៏ចម្រូងចម្រាសរបស់លោក Moïse។ បាតុកម្មតវ៉ាដ៏ហិង្សាបានផ្ទុះឡើងកាលពីដើមឆ្នាំ២០២១នេះដោយក្រុមបាតុករ បានចោទប្រកាន់ពីអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល និងបានសម្ដែងការខឹងសម្បាចំពោះលោក Moïse ដែលបានបដិសេធចុះចេញពីតំណែងនៅពេលអាណត្តិជាប្រធានាធិបតីរបស់លោកត្រូវបញ្ចប់កាលពីខែកុម្ភៈកន្លងទៅនេះ។

ការបដិសេធចុះចេញពីអំណាច បានធ្វើឱ្យលោក Moïse បាត់បង់ប្រជាប្រិយភាពយ៉ាងគំហុក នៅក្នុងបរិបទដែលអំពើនិទណ្ឌភាព និងវិបត្តិសេដ្ឋកិច្ចមានសភាពកាន់តែ ធ្ងន់ធ្ងរ។ ឆ្លើយតបទៅនឹងការរិះគន់ លោក Moïse ធ្លាប់បានអះអាងថាលោកគួរតែអាចបន្តកាន់អំណាចមួយឆ្នាំបន្ថែមទៀត ពីព្រោះលោកបានឡើងស្បថចូល កាន់តំណែងជាប្រធានាធិបតីហៃទី យឺតពេលមួយឆ្នាំ។ ប៉ុន្តែ ក្រុមអ្នកប្រឆាំងបានជំទាស់ និងចោទប្រកាន់រូបលោកថាកំពុងក្រាញអំណាច រីឯសហរដ្ឋអាមេរិក, បារាំង និងរដ្ឋាភិបាលនៃបណ្ដាប្រទេសលោកខាងលិចមួយចំនួនក៏បានបង្ហាញក្ដីព្រួយបារម្ភពីការឆ្ពោះទៅរកអំណាចផ្ដាច់ការបស់លោក Moïse ផងដែរ។

លោក Moïse បានបន្តកាន់តំណែងជាប្រធានាធិបតីហៃទីតាមរយៈក្រឹត្យមួយចាប់តាំងដើមឆ្នាំ២០២០មក បន្ទាប់ពីលោកបានសម្រេចចិត្តពន្យារពេលការរៀបចំ ការបោះឆ្នោតសភា ហើយបានជំរុញឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ហៃទី ដើម្បីបើកផ្លូវឱ្យប្រធានាធិបតីអាចឈរឈ្មោះប្រកួតប្រជែងសម្រាប់អាណត្តិទី២ និងមានអំណាចកាន់តែខ្លាំងក្នុងការគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ។ ការបោះឆ្នោតប្រធានាធិបតីថ្មីរបស់ប្រទេសហៃទី គ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញ ខាងមុខនេះ។

*ក្រុមឃាតកជាកុម៉្មង់ដូរពិសេស?

អគ្គរដ្ឋទូតហៃទីប្រចាំសហរដ្ឋអាមេរិក លោក បូសឈីត អេដម៉ុនដ៍ (Bocchit Edmond) កាលពីថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាក្រុមឃាតកដែលសម្លាប់
លោកប្រធានាធិបតី Moïse ជាក្រុមកុម្ម៉ង់ដូរពិសេសដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ជាភាសាអេស្ប៉ាញ លោក Edmond បានឱ្យដឹងថាប៉ូលិសជាតិហៃទីបានបាញ់សម្លាប់ជនសង្ស័យ ៤នាក់ និងចាប់ខ្លួនជនសង្ស័យពីរនាក់ទៀតដែលសុទ្ធសឹងតែជាជនបរទេស ហើយ ប៉ូលិសហៃទីកំពុងស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណ និងសញ្ជាតិរបស់ជនសង្ស័យទាំងនោះ។

លោក Edmond ជឿជាក់ថាជនសង្ស័យទំនងជាទទួលបានជំនួយពីរនុកក្នុងណាមួយនៅក្នុងប្រទេសហៃទី ដោយលោកសំអាងលើរថយន្ដដែលក្រុមឃាតកប្រើប្រាស់ ដើម្បីសម្រុកចូលគេហដ្ឋានលោកប្រធានាធិបតី។ តែលោកមិនបានបញ្ជាក់លម្អិតថាតើក្រុមឃាតកអាចសម្រុកចូលក្នុងគេហដ្ឋានរបស់លោក Moïse បានដោយវិធី ណាឡើយ ខណៈកាសែតអាមេរិក Miami Herald បានរាយការណ៍ថាក្រុមឃាតកបានអះអាងថាពួកគេជាទីភ្នាក់ងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា DEA ដែលមានទីស្នាក់ការមួយនៅក្នុងរដ្ឋធានីព័រអូប្រ៉ាំង។

កាសែត Miami Herald ដោយផ្អែកលើវីដេអូកាមេរ៉ាសុវត្ថិភាពដែលខ្លួនទទួលបានពីអ្នកនៅក្បែរគេហដ្ឋានរបស់លោក Moïse បានបញ្ជាក់ថានៅក្នុងចំណោមក្រុម ឃាតក មានម្នាក់បាននិយាយដោយបញ្ចេញសំឡេងជាភាសាអង់គ្លេសបែបអាមេរិកាំង និងស្រែកមានន័យជាភាសាខ្មែរដូច្នេះថា «នេះជាប្រតិបត្តិការ DEA (DEA operation), អ្នកទាំងអស់គ្នាក្រាបចុះ...នេះជាប្រតិបត្តិការ DEA។ អ្នកទាំងអស់គ្នាថយក្រោយ ហើយក្រាបចុះ»។ ក៏ប៉ុន្តែឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍ របស់កាសែត Miami Herald លោក Edmond បានអះអាងថាពួកឃាតកគ្រាន់តែបន្លំខ្លួនជាទីភ្នាក់ងារ DEA តែប៉ុណ្ណោះ រីឯអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក៏បានចេញមុខបដិសេធភ្លាមៗផងដែរ។ លោក Ned Price បានគូសបញ្ជាក់ដូច្នេះថា៖ «សេចក្ដីរាយការណ៍នេះគឺជារឿងមិនពិតទាំងស្រុង។ សហរដ្ឋអាមេរិកថ្កោលទោសចំពោះទង្វើដ៏គូរឱ្យស្អប់ខ្ពើមមួយនេះ»។

*តើនរណានឹងឡើងកាន់តំណែងជំនួសលោក Moïse?

លោក Moïse ដែលត្រូវបានគេធ្វើឃាតនៅអាយុ ៥៣ឆ្នាំ គឺជាអតីតអ្នកជំនួញនាំចេញផ្លែចេកម្នាក់ និងជាអ្នកនយោបាយដ៏ចម្រូងចម្រាសម្នាក់នៅក្នុងប្រទេសហៃទី ដោយលោកបានធ្វើសង្រ្គាមនយោបាយពេញមួយឆ្នាំកន្លងទៅជាមួយក្រុមបក្សប្រឆាំងជុំវិញអាណត្តិជាប្រធានាធិបតីរបស់លោក។ តែបច្ចុប្បន្ន ភ្លាមៗគេមិនទាន់អាច ដឹងច្បាស់ថាតើនរណានឹងឡើងកាន់តំណែងជាប្រធានាធិបតីហៃទីថ្មីនោះទេ។ ចៅក្រមលោក ហ្សង់ វៀលនឺ ម៉ូរ៉ាំង (Jean Wilner Morin) ជាប្រធានសមាគមជាតិ ចៅក្រមនៃប្រទេសហៃទី បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍ថាការស្វែងរកអ្នកបន្តវេនពីលោក Moïse កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

បើតាមរដ្ឋធម្មនុញ្ញហៃទី ប្រធានតុលាការកំពូលហៃទី លោក រឺណេ ស៊ីលវេស (René Sylvestre) គឺជាអ្នកត្រូវឡើងកាន់តំណែងជាប្រធានាធិបតី ប៉ុន្តែលោកបាន ទទួលមរណភាពកាលពីពេលថ្មីៗដោយសារ COVID-19។ ដោយឡែក បើតាមលោក ម៉ូរ៉ាំង នាយករដ្ឋមន្ត្រីហៃទីស្ដីទី លោក Claude Joseph អាចឡើងកាន់តំណែង ជាប្រធានាធិបតីជាផ្លូវការបាន ទាល់តែលោកទទួលបានការអនុម័តយល់ព្រមពីសភាជាមុនសិន។ ប៉ុន្តែ សភាហៃទីបច្ចុប្បន្នមិនអាចដំណើរការនីតិវិធីតែងតាំងបាន ឡើយ ខណៈកៅអីសភាមួយផ្នែកនៅទំនេរគ្មានអ្នកអង្គុយ ដោយសារការបោះឆ្នោតសភាថ្មីត្រូវបានលោក Moïse ពន្យារពេលជាបន្តបន្ទាប់។

លើសពីនេះទៅទៀត រឹតតែស្មុគស្មាញ នោះគឺប៉ុន្មានថ្ងៃមុននឹងលោក Moïse ត្រូវបានគេធ្វើឃាត លោកបានប្រកាសតែងតាំងលោក អារៀល ហិនរី (Ariel Henry) ជានាយករដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី០៥ ខែកក្កដាកន្លងទៅ ហើយរង់ចាំតែស្បថឡើងកាន់តំណែងប៉ុណ្ណោះ។ «យើងកំពុងស្ថិតក្នុងស្ថានភាពមួយដែលមាននាយករដ្ឋមន្ត្រី ដល់ទៅ២រូប ដោយនាយករដ្ឋមន្ត្រីម្នាក់កំពុងកាន់តំណែងបណ្ដោះអាសន្ន រីឯនាយករដ្ឋមន្ត្រីម្នាក់ទៀតត្រូវបានតែងតាំងដោយស្របច្បាប់ពីលោកប្រធានាធិបតី។ ដូច្នេះក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង២រូប ថាតើនរណានឹងត្រូវ ឬគួរតែឡើងគ្រប់គ្រប់ប្រទេសជាបន្ត»។ នេះជាការលើកឡើងរបស់លោក ហ្សង់ វៀលនឺ ម៉ូរ៉ាំង។

លោក ម៉ូរ៉ាំង បានសង្កត់ធ្ងន់ទៀតថានៅមានសេណារីយ៉ូអាចទៅរួចផ្សេងទៀតដើម្បីជ្រើសរើសប្រធានាធិបតីហៃទី នោះគឺយកគំរូតាមកាលពីឆ្នាំ២០១៥។ កាលពី
ឆ្នាំ២០១៥ ប្រធានសភាជាតិហៃទី គឺជាអ្នកឡើងកាន់តំណែងជាប្រធានាធិបតី។ តែដោយសារបច្ចុប្បន្ន ហៃទីគ្មានប្រធានសភាជាតិ ក្រុមអ្នករិះគន់រដ្ឋាភិបាលហៃទី កំពុងពិចារណាលើការតែងតាំងលោក Joseph Lambert ដែលជាប្រធានព្រឹទ្ធសភា ឱ្យឡើងធ្វើជាប្រធានាធិបតីបណ្ដោះអាសន្ន។ លើសពីនេះទៅទៀត ជម្រើសដ៏ល្អ បំផុតមួយដែលអ្នកជំនាញភាគច្រើនយល់ថាអាចទៅរួចដែរ នោះគឺការរៀបចំការបោះឆ្នោតសកលថ្មីមួយតាមគ្រោងទុកនៅខែកញ្ញាខាងមុខ។

គួរបញ្ជាក់ថា ក្រោយលោក Moïse ត្រូវបានគេធ្វើឃាត នាយករដ្ឋមន្ត្រីស្ដីទីហៃទី លោក Claude Joseph បានប្រកាសថាប្រទេសហៃទីកំពុងស្ថិតនៅក្រោមការដឹកនាំ របស់លោកជាបណ្ដោះអាសន្ន ហើយលោកបានដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១៥ថ្ងៃ និងប្រកាសកាន់ទុក្ខរយៈពេល ២សប្ដាហ៍ដល់វិញ្ញណក្ខន្ធរបស់លោក Moïse។ តាមរយៈការប្រកាសភាពអាសន្ននេះដែរ អាជ្ញាធរហៃទីនឹងបិទអាកាសយានដ្ឋាន, បិទព្រំដែន និងដាក់ចេញច្បាប់អាជ្ញាសឹកដោយផ្ដល់សិទ្ធិឱ្យយោធាជា អ្នកការពារសន្តិសុខជាតិ ស្របពេលប្រតិបត្តិការតាមប្រមាញ់ជនសង្ស័យកំពុងដំណើរការនៅឡើយ។

ការធ្វើឃាតលោក Moïse បានបង្កឱ្យមានភាពតក់ស្លុតយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ដោយប្រទេសជាច្រើនក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏ព្រៃផ្សៃនេះ រីឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាពីស្ថានការណ៍នៅក្នុងប្រទេសហៃទី៕

ប្រភព៖ WSJ, CNN (ថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១)