(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធតាលីបង់បានជិះម៉ូតូជាច្រើនគ្រឿងដោយបើកការវាយប្រហារឡោមព័ន្ធទីក្រុងមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈការវាយប្រយុទ្ធ ដណ្ដើមកាន់កាប់ទឹកដីជាមួយកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល រីករាលដាលកាន់តែខ្លាំង ចំពោះមុខការដកកងទ័ពរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។
ការវាយប្រយុទ្ធគា្នរវាងកងកុម្ម៉ង់ដូរពិសេសរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមសកម្មប្រយុទ្ធតាលីបង់នៅថ្ងៃព្រហស្បតិ៍នេះបានកើតឡើងនៅក្នុងទីក្រុង កាឡា-អ៉ី- ណាវ (Qala-i-Naw) នៃខេត្ត បាដហ្គីស (Badghis) ជាទីដែលក្រុមតាលីបង់បានបង្កើនការវាយលុកចាប់តាំងពីថ្ងៃទី០១ ខែឧសភាមកម្លេះ។ ពោលគឺនៅពេលដែល ក្រុមតាលីបង់បើកប្រតិបត្តិការដណ្ដើមកាន់កាប់ទឹកសាជាថ្មី។
បើតាមអាជ្ញាធរអាហ្វហ្គានីស្ថាន ប្រជាជននៅក្នុងទីក្រុង Qala-i-Naw មានខ្លះបានរត់ចេញពីផ្ទះសម្បែង និងខ្លះទៀតសម្ងំនៅក្នុងផ្ទះ ខណៈការវាយប្រហារគ្នានៅតែបន្ត ធ្វើឡើងដោយមានការវាយប្រហារតាមផ្លូវអាកាសពីកងទ័ពអាកាសអាហ្វហ្គានីស្ថានលើមូលដ្ឋានរបស់ក្រុមតាលីបង់ផងដែរ។
គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិកបានកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានបានជាង ៩០ភាគរយ ហើយនឹងត្រូវដកចេញទាំងស្រុងឱ្យបានមុន ថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដែលចំនឹងថ្ងៃខួបនៃការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕