(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសាររំលែកទុក្ខ ជូនដល់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជុំវិញសោកនាដកម្មធ្លាក់យន្តហោះដឹកមនុស្សសរុប ២៨នាក់ នៅតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ចុងបូព៌ាប្រទេសរុស្ស៊ី កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងសាររំលែកទុក្ខនោះ លោក ស៊ី ជិនពីង បានបង្ហាញចេញនូវអារម្មណ៍តក់ស្លុត ជុំវិញហេតុការណ៍ធ្លាក់យន្តហោះដ៏អកុសល នៅតំបន់ឧបទ្វីប Kamchatka ដែលបានបណ្តាលឲ្យមនុស្សជិះ នៅលើយន្តហោះនោះទាំងអស់ ២៨នាក់ បាត់បង់ជីវិត។ ជំនួសមុខឲ្យរដ្ឋាភិបាល និងប្រជាជនចិន លោក ស៊ី ជិនពីង បានសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះជនរងគ្រោះទាំងអស់ និងចូលរួមរំលែកទុកជូនចំពោះក្រុមគ្រួសារ នៃជនរងគ្រោះផងដែរ។
គួរបញ្ជាក់ថា យន្តហោះធុនមធ្យមប្រភេទ An-26 បានធ្វើដំណើរចេញពីទីក្រុង ផេត្រូផាវឡូវ កាមឆាតស្គី (Petropavlovsk-Kamchatsky) សំដៅទៅកាន់ភូមិមួយឈ្មោះ ផាឡាណា (Palana) ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំលុងការធ្វើដំណើរនោះ វាក៏បានដាច់ការទាក់ទង និងបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង នៅចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រ ពីព្រលានយន្តហោះនៅ Palana កាលពីថ្ងៃអង្គារសប្តាហ៍នេះ។
ក្រោយមកប៉ុន្មានម៉ោងទើបមានការបញ្ជាក់ថា យន្តហោះបានធ្លាក់បាត់ទៅហើយ ដោយការបុកត្រូវជម្រាលភ្នំ ខណៈមនុស្សទាំង ២៨នាក់ គឺបានបាត់បង់ជីវិតទាំងអស់។ សម្រាប់មូលហេតុនៃការធ្លាក់ មិនទាន់ត្រូវបានបង្ហើបឲ្យដឹងឡើយ ខណៈគិតត្រឹមថ្ងៃពុធម្សិលមិញ សាកសពជនរងគ្រោះជិត ២០នាក់ត្រូវបានរកឃើញ៕