(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៉ីនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៨៦៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុតទី ២ គិតចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៅក្នុងប្រទេសអាស៉ីអាគ្នេយ៍មួយនេះមកម៉្លេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមក្រសួងសុខាភិបាលម៉ាឡេស៉ី ករណីឆ្លងភាគច្រើនត្រូវបានរាយការណ៍ចេញពីតំបន់ ក្លាង វ៉ាលឡេយ (Klang Valley) ដោយមាន ៤,១៥២ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋ សេឡាំងហ្គ័រ (Selangor) និង ១,១៣៣ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋធានីគូឡាឡាំពួ។ រីឯ ៨៩៧ករណីទៀតត្រូវបានរកឃើញ នៅក្នុងរដ្ឋជិតខាង គឺរដ្ឋ ណេហ្គែរី សេមប៊ីឡាន (Negeri Sembilan)។
គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីធ្លាប់បានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃខ្ពស់បំផុត កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ ជាមួយចំនួន ៩,០២០ករណី ដែលជំរុញឱ្យមានការដាក់ចេញនូវវិធានការរឹតត្បឹត ដ៏តឹងរ៉ឹងមួយនៅក្នុងរដ្ឋមួយចំនួន មុនពេលមានការដាក់ចេញនូវ វិធានការបិទខ្ទប់ទូទាំងប្រទេសលើកទី ៣ កាលពីថ្ងៃទី០១ មិថុនាកន្លងទៅនេះ៕