(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការសម្រេចចិត្តដាក់ទីក្រុងតូក្យូ ក្នុងភាពអាសន្នជាលើកទី៤ ដោយសារតែបញ្ហា ជំងឺរាតត្បាត COVID-19 ហើយវានឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២២ ខែសីហា ពោលគឺទាល់តែព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូត្រូវបញ្ចប់ទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។
នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហ៉ីដេ ស៊ូហ្គា បានប្រកាសថា ទីក្រុងតូក្យូ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមវិធានការរឹតត្បិតមួយចំនួនស្រាប់ នឹងត្រូវដាក់ទៅក្នុងភាពអាសន្នតែម្តង។ រយៈពេលនៃការដាក់ក្នុងភាពអាសន្ននេះ មានន័យថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ នឹងធ្វើឡើង កំលុងពេលទីក្រុងតូក្យូស្ថិតក្រោមភាពអាសន្នពីដើមរហូតដល់ចប់។ ព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា បន្ទាប់ពីវាត្រូវលើកពេលមួយឆ្នាំ កាលពីឆ្នាំ២០២០ ក៏ដោយសារតែបញ្ហា COVID-19។
គួរបញ្ជាក់ថា ជាមួយគ្នានេះ ការដាក់ភាពអាសន្ននៃខេត្តអូគីណាវ៉ា នៅភាគខាងត្បូង និងវិធានការរឹតត្បិតនៅខេត្តចំនួន៣ទៀត ជាប់ទីក្រុងតូក្យ គឺខេត្តកាណាហ្គាវ៉ា ឈីបា និងសៃតាម៉ា ព្រមទាំងខេត្តអូសាកា ក៏នឹងត្រូវបន្តដល់ពាក់កណ្តាលខែសីហាផងដែរ។ ដោយឡែក វិធានការរឹតត្បិតនៅខេត្តហុកកៃដូ អៃឈី ក្យូតូ ហ៉ីយូហ្គោ និងហ៊្វូគូអូកា នឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ តាមការគ្រោងទុកជាធម្មតា៕