(ហៃទី)៖ ប៉ូលិសហៃទីបានចាប់ខ្លួនមនុស្ស២នាក់ ដែលជាប់សង្ស័យជាក្រុមខ្មាន់កាំភ្លើង ក្នុងករណីធ្វើឃាតប្រធានាធិបតីលោក ហ្សូវេនែល ម៉ូអ៉ីស (Jovenel Moise) កាលពីថ្ងៃពុធសប្តាហ៍នេះ ខណៈជនសង្ស័យ៤នាក់ទៀត ត្រូវបានបាញ់សម្លាប់ ពេលប្រើអាវុធតដៃជាមួយអាជ្ញាធរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

ការបាញ់សម្លាប់និងចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងក្នុងប្រតិបត្តិការមួយរបស់ប៉ូលិសហៃទី នាវេលាម៉ោងមុន៦ល្ងាចថ្ងៃពុធសប្តាហ៍នេះ នៅសង្កាត់ប៉េរេលីន នៃរដ្ឋធានីព័រអូព្រីន ជាទីដែលលោក ម៉ូអ៉ីស ត្រូវគេធ្វើឃាត។ អាជ្ញាធរហៃទី បានឲ្យដឹងថា កំលុងប្រតិបត្តិការនោះ ការប្រយុទ្ធគ្នាដ៏តានតឹងបានផ្ទុះឡើង រវាងប៉ូលិសនិងក្រុមជនសង្ស័យ ដែលបណ្តាលឲ្យខាងជនសង្ស័យ៤នាក់ស្លាប់ ហើយ២នាក់ត្រូវឃាត់ខ្លួនបាន។ ប៉ូលិសហៃទីកំពុងបន្តការស្រាវជ្រាវថា តើមានអ្នកពាក់ព័ន្ធផ្សេងទៀតដែរឬអត់។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្រ្តីទំនាក់ទំនងហៃទី ក្រុមជនសង្ស័យសុទ្ធតែជាជនបរទេស ប៉ុន្តែមិនមានការបញ្ជាក់ពីសញ្ជាតិ ឬអត្តសញ្ញាណឡើយ។ លោក ម៉ូអ៉ីស ត្រូវបានគេបាញ់សម្លាប់ ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅជាយរដ្ឋធានីព័រអូព្រីន កាលពីវេលាយប់រំលងអធ្រាត្រឈានចូល ថ្ងៃពុធសប្តាហ៍នេះ ដោយខ្មាន់កាំភ្លើងមួយក្រុមមិនស្គាល់អត្តសញ្ញាណ ដែលនិយាយភាសាអង់គ្លេស និងអេស៉្បាញ។ រីឯភរិយាលោកក៏បានរងរបួសផងដែរ។

ដំណឹងមរណភាពរបស់លោក ម៉ូអ៉ីស ត្រូវបានប្រកាសដោយនាយករដ្ឋមន្រ្តីស្តីទី លោក ក្លូដ ចូសិព (Claude Joseph) ដែលបានទទូចឲ្យ ប្រជាជនរក្សាភាពស្ងប់ស្ងាត់ កុំចលាចល ហើយអះអាងថា ស្ថានការណ៍សន្តិសុខរបស់ប្រទេសជាតិ គឺស្ថិតក្រោមការគ្រប់គ្រងបាន៕