(ហ្សឺណែវ)៖ អ្នកអង្កេតការផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធសប្ដាហ៍នេះបានអំពាវនាវដល់ប្រទេសនានា ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេង និងឧស្ម័នរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធលើរបបយោធា ដែលកំពុងគ្រប់គ្រងអំណាច។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។
លោក Thomas Andrews អ្នកស៊ើបអង្កេតពិសេសរបស់ UN ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅប្រទេសមីយ៉ាន់ម៉ា បានគូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃ UN ថា «ខ្ញុំកំពុងនិយាយអំពីការដាក់សម្ពាធសេដ្ឋកិច្ច ដូចជាការកាត់បន្ថយប្រាក់ចំណូល ដែលរបបយោធាត្រូវការ ដើម្បីបន្តការគ្រប់គ្រងអំណាចរបស់ខ្លួន។ ខ្ញុំក៏កំពុងនិយាយអំពីការកាត់ផ្តាច់ការនាំចូលអាវុធ និងការផ្ទេរបច្ចេកវិទ្យាដែលអាចប្រើជាលក្ខណៈស៉ីវិល និងយោធាផងដែរ»។
លោក Thomas Andrews បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ប្រាក់ចំណូលពីវិស័យប្រេង និងឧស្ម័នគឺហិរញ្ញវត្ថុទ្រទ្រង់ជីវិតសម្រាប់របបយោធា ហើយត្រូវបានគេប៉ាន់ស្មានថា ជាអ្វីដែលចាំបាច់បំផុតសម្រាប់របបយោធា ក្នុងការរក្សាកងកម្លាំងសន្តិសុខរបស់ខ្លួន។ ប៉ុន្តែវាគួរតែត្រូវបានកាត់ផ្តាច់...»។ ជុំវិញបញ្ហានេះ លោក Thomas Andrews បានអំពាវនាវឱ្យបង្កើតជា «សម្ព័ន្ធភាពបន្ទាន់មួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា» ដែលជាសម្ព័ន្ធភាពដ៏សំខាន់មួយរបស់រដ្ឋ ដែលនឹងហាមឃាត់ការនាំចេញអាវុធទៅកាន់របបយោធា ដែលវាចាំបាច់ណាស់ត្រូវតែមាន។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលរបស់មេដឹកនាំជាប់ឆ្នោត លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ចេញពីតំណែងកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ។ ក្រោយហេតុការណ៍នេះកើតឡើង មីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកប្រចល់ រហូតដក់មកដល់ពេលបច្ចុប្បន្ន ខណៈមានប្រទេសតិចតួចប៉ុណ្ណោះ ដែលបានទទួលស្គាល់របបយោធាមីយ៉ាន់ម៉ា ហើយលោកខាងលិចវិញនៅតែបន្តដាក់ទណ្ឌកម្ម និងអង្គការសហប្រជាជាតិ ព្យាយាមស្វែងរកដំណោះស្រាយ៕