(ប៉េកាំង)៖ ប្រទេសចិនកាន់តែទំនើបពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចេកវិទ្យាជឿនលឿនជាច្រើន បានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនចិន ដូចជាល្បឿនអ៊ីនធឺណេត ៥G និងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធទូរស័ព្ទជាដើម។ ទាំងនេះពិតជាមិនអាចកាត់ផ្តាច់ពីអភិបាលកិច្ច ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលរបស់បក្សកុម្មុយនិស្តចិននោះឡើយ។ បក្សកុម្មុយនិស្តចិនបានធ្វើកំណែទម្រង់បក្ស និងកំណែទម្រង់រដ្ឋឱ្យកាន់តែប្រសើរឡើងយ៉ាងខ្លាំង។
ប្រទេសចិនដែលមានបក្សកុម្មុយនិស្តចិន បានយកគោលការណ៍សង្គមនិយមតាមបែបផែនចិនជាស្នូល បានបង្កើតឡើងនូវអព្ភូតហេតុអច្ឆរិយភាពធំទាំងពីរ គឺទី១-សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស និងទី២-សង្គមរក្សាបាននូវស្ថិរភាពរយៈពេលយូរអង្វែងចាប់តាំងពីបក្សកុម្មុយនិស្តចិនបានបង្កើតរបបសាធារណរដ្ឋប្រជាមានិតចិន។ លើសពីនេះ ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិនបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកកម្ពស់ ពហុភាគីនៅក្នុងសេដ្ឋកិច្ចពិភពលោក និងជាកម្លាំងចលករថ្មីនៃសន្តិភាព ស្ថិរភាពការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព។
ការផ្តល់ជូនដល់ជីវភាពរស់នៅយ៉ាងសមរម្យ និងថ្លៃថ្នូជូនដល់ប្រជាជនចិន ដែលជាប្រជាជនមានចំនួនច្រើនជាងគេបង្អស់ នៅក្នុងពិភពលោក គឺជាអម្រែកយ៉ាងធ្ងន់ដែលបក្សកុម្មុយនិស្តចិនបានរែក និងជួយរំលែកពីស្មារបស់ពិភពលោក។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រជាជនចិនបានចាកផុតពីភាពក្រីក្រ និងបានរស់នៅក្នុងជីវភាពយ៉ាងសមរម្យជាទីបំផុត។ រយៈពេល១០០ឆ្នាំមកនេះ ការស្វែងរកសុភមង្គលជូនប្រជាជនគឺជាអាទិភាពចម្បងបំផុតដែលបក្សកុម្មុយនិស្តចិនតែងតែប្រកាន់ខ្ជាប់ហើយពង្រឹងជាប់ជានិច្ចនូវបុព្វហេតុដើមរបស់ខ្លួន។ សព្វថ្ងៃនេះប្រទេសចិនបានសម្រេចគោលដៅកសាងសង្គមដែលមានសុខុមាលភាពគ្រប់បែបយ៉ាងដោយបានចាប់ផ្តើមដំណើរថ្មីនៃការកសាងគ្រប់ជ្រុងជ្រោយប្រទេសទំនើបសង្គមនិយម និងការទទួលបានមង្គល និងសុវត្ថិភាពរបស់ប្រជាជាតិចិន។ វាគឺជាគោលដៅដែលមិនចេះរីងស្ងួតរបស់បក្សកុម្មុយនិស្តចិន ដើម្បីធ្វើការងារកាន់តែល្អនៅក្នុងប្រទេសចិន ដើម្បីឱ្យប្រជាជនចិនជាង ១,៤ពាន់លាននាក់រស់នៅក្នុងជីវភាពប្រសើរ និងលើកកម្ពស់បុព្វហេតុដ៏ថ្លៃថ្នូនៃសន្តិភាព និងការអភិវឌ្ឍរបស់មនុស្សជាតិ។ បក្សកុម្មុយនិស្តចិននឹងប្រកាន់ខ្ជាប់នូវគំនិតអភិវឌ្ឍន៍ ផ្តោតលើប្រជាជន គិតអំពីសំណើយ៉ាងជ្រាលជ្រៅនៃការជំរុញលក្ខណៈជាតិនិយម និងបង្កើតអនាគតល្អប្រសើរស្របតាមសុបិនរបស់ខ្លួន។ យើងគួររំលេចផងដែរថា ក្រោមការដឹកនាំរបស់លោក ស៊ី ជីនភីង ដែលជាស្នូលនៃសង្គមនិយមតាមបែបផែនចិន គឺជាមាគ៌ាមួយក្រាលដោយមាសដែលបក្សកុម្មុយនិស្តចិន ដោយបានការចូលរួម និងការគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាជនចិនទាំងមូល បានខិតខំប្រឹងប្រែងអស់រយៈពេលជិតមួយសតវត្សរ៍។ ជោគជ័យដ៏អស្ចារ្យដែលសម្រេចបានលើមាគ៌ានេះបង្ហាញថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិននិងប្រជាជនចិន នឹងបន្តបង្កើតអព្ភូតហេតុកាន់តែច្រើនឡើងថែមទៀត សម្រាប់ប្រទេសចិននិងពិភពលោក។
បក្សកុម្មុយនិស្តចិនបានផ្តួចផ្តើមយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ ដែលជាទស្សនវិជ្ជាថ្មីសម្រាប់បង្កើតឡើង នូវសហគមន៍ជោគវាសនារួម ដែលឈរលើផលប្រយោជន៍រួម និងឈ្នះ-ឈ្នះ។ បក្សកុម្មុយនិស្តចិនចង់សម្រេចបានវឌ្ឍនភាព ដែលគោលបំណងធំបំផុត គឺចង់ឱ្យប្រជាជនចិនមានជីវភាពសម្បូរធូរធា ការប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ ដែលចាត់ទុកប្រជាជនជាស្នូល ជួយប្រជាជនសម្រេចសុបិនដែលមានជីវភាពល្អបវរ នោះជាគោលដៅតូស៊ូមិនអាចប្រែប្រួលបាន។
តាំងពីពេលបង្កើតឡើង បក្សកុម្មុយនិស្តចិនតែងដាក់ការជំរុញប្រជាជនចិន ឱ្យមានជីវភាពសម្បូរធូរធាររួមគ្នា រក្សាការពារផលប្រយោជន៍ និងបង្កើនសុភមង្គលឱ្យកាន់តែល្អ។ ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី ជាជម្រើសយុទ្ធសាស្រ្តរបស់បក្សកុម្មុយនិស្តចិនក្នុងការដឹកនាំប្រទេសចិន ដោយមិនងាករេ មិនថាស្ថានភាពអន្តរជាតិ ប្រែប្រួលយ៉ាងណាក៏ដោយ មិនថាខ្លួនរីកចម្រើនដល់កម្រិតណាក៏ដោយ បក្សកុម្មុយនិស្តចិននឹងនៅតែបន្តធ្វើជាអ្នកកសាងសន្តិភាព ជូនពិភពលោក អ្នកចូលរួមរួមចំណែកវឌ្ឍនភាពជូនពិភពលោក និងអ្នកការពាររបៀបរៀបរយអន្តរជាតិជារៀងរហូត។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន គ្មានអ្នកណាអាចដកហូតសិទ្ធិស្វែងរកជីវភាពល្អបវររបស់ប្រជាជនចិនបាន ហើយក៏គ្មានអ្នកណាអាចរារាំងជំហានវិវឌ្ឍន៍ទៅមុខរបស់ប្រទេសចិនបានដែរ។កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅរដ្ឋធានីប៉េកាំង លោក XI JINPING បានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិនថា «គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គឺតំណាងឱ្យផលប្រយោជន៍ស្នូលរបស់ប្រជាជនចិន ហើយរួមសុខរួមទុក្ខជាមួយប្រជាជនចិន គ្មានផលប្រយោជន៍ពិសេសអ្វីសម្រាប់ខ្លួនឯងនោះទេ ហើយក៏មិនដែលតំណាងឱ្យផលប្រយោជន៍របស់ក្រុមអ្នកទទួលណាមួយ ក្រុមសិទ្ធិអំណាចណាមួយ ឬវណ្ណៈដែលមានសិទ្ធិអំណាចពិសេសណាមួយនោះដែរ។ រាល់ការប៉ុនប៉ងធ្វើអបគមន៍បក្សកុម្មុយនិស្តចិន និង ប្រជាជនចិននឹងមិនអាចសម្រេចបានជាដាច់ខាត»។ ប្រជាជនចិនរួមជាមយយមនុស្សជាតិទាំងអស់បាននិងកំពុងសាទរដល់បក្សកុម្មុយនិស្តចិនក្នុងបញ្ចប់យ៉ាងរលូនក្នុងពេលឆាប់ៗ នូវការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។
បក្សកុម្មុយនិស្តចិននឹងរួបរួមដើម្បីដឹកនាំប្រជាជនចិនឱ្យធ្វើកំណែទម្រង់ស៊ីជម្រៅនិងពង្រីកការបើកចំហរគ្រប់បែបយ៉ាង និងចូលរួមវិភាគទានថ្មីៗដល់ការអភិវឌ្ឍរួម និងវិបុលភាពរបស់ប្រទេសទាំងអស់នៅលើពិភពលោក។ នាពេលបច្ចុប្បន្នទោះបីសាកលភាវូបនីយកម្មសេដ្ឋកិច្ច កំពុងប្រឈមមុខនឹងការតស៊ូជាច្រើន ប៉ុន្តែមានកម្លាំងរុញច្រានបន្ថែមទៀតជាទូទៅអំណាច លើការតស៊ូប្រទេសឆ្ពោះទៅរកភាពបើកចំហ ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការមិនបានផ្លាស់ប្តូរទេ ហើយវាក៏នឹងមិនផ្លាស់ប្តូរដែរ។ គណបក្សកុម្មុយនីស្តចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងជាមួយគណបក្សនយោបាយ នៅក្នុងប្រទេសផ្សេងៗ និងរួមគ្នាដឹកនាំសកលភាវូបនីយកម្មសេដ្ឋកិច្ច ឆ្ពោះទៅរកទិសដៅបើកចំហរបន្ថែមទៀត រាប់បញ្ចូលគ្នាមានតុល្យភាពនិងឈ្នះឈ្នះ។
យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានគុណភាពខ្ពស់ជាមួយសហគមន៍អន្តរជាតិ ដើម្បីកសាងខ្សែក្រវ៉ាត់និងផ្លូវហើយរួមគ្នាប្រឹងប្រែង បង្កើនការតភ្ជាប់បណ្តាញពិភពលោក ដើម្បីឱ្យប្រទេសនិងប្រជាជនកាន់តែច្រើន អាចចែករំលែកផ្លែផ្កានៃការអភិវឌ្ឍ។ ថ្វីត្បិតតែមានការរីករាលដាលជាសកលនៃជំងឺCOVID-19 តែប្រទេសចិននៅតែមានភាពរឹងមាំ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រោះបក្សកុម្មុយនីស្តចិនដែលជាស្នូល នៃការអភិវឌ្ឍប្រទេសចិនមានឆន្ទៈ មោះមុតក្នុងការបេ្តជ្ញាចិត្តលើការកាត់បន្ថយភាពក្រីក្រ ដូចទស្សនៈរបស់លោក អ៊ូ ជីង (WU JING: ៦៧០-៧៤៩) ដែលជាប្រវត្តិវិទូ និងជាមន្ត្រីនារាជវង្សថាង បានពោលថា «ថ្មអាចកម្ទេចបាន ប៉ុន្តែបំណែករបស់វានៅតែមានភាពរឹងមាំ»។
ឆ្នាំ២០២១ជាខួប១សតវត្សរ៍នៃការបង្កើតបក្សកុម្មុយនិស្តចិន ដែលជាគណបក្សនយោបាយដ៏អស្ចារ្យមួយ សម្រាប់ប្រទេសចិននិយាយដោយឡែក សម្រាប់ពិភពលោកនិយាយរួម។ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិនទទួលបានឯករាជ្យជាតិ ស្ថិរភាពសង្គម ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកសាងឡើងវិញនូវប្រទេសជាតិដ៏អស្ចារ្យ។ បក្សកុម្មុយនិស្តចិនបានត្រៀមខ្លួនបន្តធ្វើការជាមួយគណបក្សនយោបាយ និងអង្គការនៃប្រទេសទាំងអស់ ដើម្បីឈរនៅជំហរការការពារសន្តិភាព និងការអភិវឌ្ឍ និងការចូលរួមវិភាគទានថ្មីៗ និងកាន់តែច្រើនដល់ការ កសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ដែលនេះមិនត្រឹមតែជាភ័ព្វសំណាងសម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនពិភពលោកផងដែរ។
ជារួម រយៈពេល១០០ឆ្នាំមកនេះ បន្ទាប់ពីការលះបង់ដោយមិនគិតនឿយហត់របស់ប្រជាជាតិចិន រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន រហូតមកដល់បច្ចុប្បន្ន ប្រសិទ្ធភាពខ្ពស់នៃល្បឿនសេដ្ឋកិច្ចកាន់តែលឿន និងស្ថិរភាពសង្គមដែលសម្រេចបាន គឺជាសមិទ្ធផលដ៏រុងរឿងរបស់ប្រទេសចិនសព្វថ្ងៃ ហើយវឌ្ឍនភាពរបស់ប្រទេសចិនជាកាលានុវត្តភាពមាស របស់បណ្តាប្រទេសទាំងអស់នៅជុំវិញពិភពលោក។
ប្រសិនបើប្រទេសនានាអាចសិក្សា និងវិភាគទ្រឹស្តីអភិបាលកិច្ចរបស់ចិនបានល្អ នោះច្បាស់ប្រាកដជាទទួលបានការលើកទឹកចិត្ត និងរៀបចំផែនការអភិវឌ្ឍន៍ជាតិរបស់ខ្លួន ដោយផ្អែកលើលក្ខខណ្ឌជាក់ស្តែងរបស់ខ្លួន។ ជាមួយនឹងការណែនាំនៃទ្រឹស្តីនេះ បណ្តាប្រទេសប្រាកដជាអាចជៀសផុតពីផ្លូវវាង ហើយនិងអាចសម្រេចបាននូវ «សុបិនជាតិរបស់ខ្លួន» ដូចប្រជាជាតិចិនដែលកំពុងសម្រេចបាននូវ «សុបិនចិន» ដូច្នោះដែរ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន