(អាហ្វ្រិកខាងត្បូង)៖ អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma បានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យប៉ូលិសហើយនៅថ្ងៃពុធសប្ដាហ៍នេះ ហើយលោកនឹង ត្រូវជាប់ពន្ធនាគាររយៈពេល១៥ខែ ពីបទល្មើសបង្គាប់របស់តុលាការធម្មនុញ្ញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។
អ្នកនាំពាក្យស្ថាប័នប៉ូលិសអាហ្វ្រិកខាងត្បូង លោកស្រី Lirandzu Themba ក៏បានទទួលស្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍មួយផងដែរថាលោក Jacob Zuma ដែល ធ្លាប់កាន់តំណែងជាប្រធានាធីបតីអាហ្វ្រិកខាងត្បូង ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨ ពិតជាបានស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យប៉ូលិសប្រាកដមែន ជាការអនុវត្តតាមដីកាបង្គាប់ របស់តុលាការធម្មនុញ្ញកាលពីសប្ដាហ៍មុន។
គួរបញ្ជាក់ថា តុលាការធម្មនុញ្ញអាហ្វ្រិកខាងត្បូងកាលពីសប្ដាហ៍មុន បានផ្ដន្ទាទោសលោក Zuma ដាក់ពន្ធនាគារ ១៥ខែពីបទមិនគោរពតាមបទបញ្ជារបស់តុលាការ ពាក់ព័ន្ធនឹងការតម្រូវឱ្យលោកបង្ហាញភស្តុតាងជុំវិញការស៊ើបអង្កេតលើអំពើពុករលួយ កាលពីខែកុម្ភៈកន្លងទៅនេះ។ បន្ថែមពីលើនេះតុលាការក៏បានបង្គាប់ឱ្យលោក ប្រគល់ខ្លួន ដោយស្ម័គ្រចិត្តឱ្យអាជ្ញាធរនៅមុនថ្ងៃទី៤ ខែកក្កដាផងដែរ បើពុំដូច្នោះទេលោកនឹងត្រូវបានចាប់ខ្លួននៅក្នុងរយៈពេល៣ថ្ងៃ ក្រោយចប់ឱសានវាទ។
លោក Jacob Zuma ត្រូវបានគេបង្ខំឱ្យលាលែងពីតំណែងកាលពីឆ្នាំ២០០៨ បន្ទាប់ពីមានរឿងអាស្រូវបាត់លុយរដ្ឋច្រើនជាង ៣៥ពាន់លានដុល្លារ។ ប៉ុន្តែលោក Zuma អះអាងថាលោកមិនបានប្រព្រឹត្តខុសអ្វីទាំងអស់៕