(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានលែងលះដាច់ស្រេចជាមួយសហភាពអឺរ៉ុបហើយ តែបច្ចុប្បន្នបែរជាកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៃភាពឯកោនៅក្នុងពិភពលោកទៅវិញ។ ដើម្បីបញ្ចៀសភាពឯកោនេះ ចក្រភពអង់គ្លេសចំាបាច់ណាស់ត្រូវតែផ្ដោតទៅលើកិច្ចខិតខំប្រឹងប្រែងសាងទំនាក់ទំនងយ៉ាងជិតស្និទជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ី ជាពិសេសគឺតំបន់អាស៊ីអាគ្នេយ៍តែម្ដង ជាទីដែលសេដ្ឋកិច្ចមានការរីកធំធាត់យ៉ាងឆាប់រហ័ស។

សហភាពអឺរ៉ុបជាប្លុកពាណិជ្ជកម្មដ៏ធំមួយនៅលើពិភពលោក ប៉ុន្តែក្រោយដើរចេញពីសហភាពអឺរ៉ុប អង់គ្លេសត្រូវបានគេមើលឃើញថាកាន់តែមានឱកាសច្រើន ក្នុងការបង្កើនចំណងមិត្តភាពទ្វេភាគី និងពង្រីកឥទ្ធិពលរបស់ខ្លួននៅជុំវិញពិភពលោក ដោយមិនចាំបាច់ស្មុគស្មាញដើរតាមយន្ដការ ឬគោលការណ៍អឺរ៉ុប។ ម្យ៉ាងវិញទៀត ខណៈការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងតំបន់មានសន្ទុះកាន់តែខ្លាំង ក្នុងនាមជាមហាអំណាចមួយហ្នឹងគេដែរ ចក្រភពអង់គ្លេស មានហេតុផលជាច្រើនដែលមិនអាច និងមិនត្រូវមើលរំលងតំបន់អាស៊ីអាគ្នេយ៍ នោះគឺប្រយោជន៍ខាងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដែលអាចជួយឱ្យអង់គ្លេស ប្រែក្លាយពាក្យស្លោកនៃយុទ្ធសាស្ត្រ «Global Britain» ឱ្យក្លាយទៅជាការពិត។ Global Britain គឺជាចុក្ខវិស័យមួយស្ដីពីតួនាទីរបស់ចក្រភពអង់គ្លេស នៅជុំវិញពិភពលោក។

*ហេតុអ្វីអង់គ្លេសត្រូវការអាស៊ាន?

លោក Edward Parker ជាអ្នកជំនាញផ្នែកកិច្ចការទំនាក់ទំនងអន្តរជាតិ និងគោលនយោបាយមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថាមានហេតុផលល្អៗ ជាច្រើនដែលចក្រភពអង់គ្លេសត្រូវតែផ្ដោតដោយផ្ទាល់លើតំបន់អាស៊ីអាគ្នេយ៍ នោះគឺទំហំសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ប្រទេសទាំង១០ ជាសមាជិកអាស៊ានមាន ប្រជាជនជាង ៦៣០លាននាក់ និងមានផលិតផលនៅក្នុងស្រុក GDP សរុបញ្ចូលគ្នាស្មើនឹង ២.៨ទ្រីលានដុល្លារ ហើយអាស៊ានបច្ចុប្បន្នជាប្លុកមានសេដ្ឋកិច្ចធំជាងគេ លំដាប់ទី៥ នៅលើពិភពលោក និងធំលំដាប់ទី៣នៅអាស៊ី ហើយត្រូវបានគេព្យាករថាអាចនឹងក្លាយជាប្លុកមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅលើពិភពលោក នៅឆ្នាំ២០៥០។ ដូច្នេះលោក Edward Parker យល់ថាការមើលរំលងតំបន់អាស៊ីអាគ្នេយ៍ វាជាការខកខានឱកាសមាសមួយសម្រាប់អង់គ្លេស។ គិតជាសរុប ពាណិជ្ជកម្មទំនិញ និងសេវាកម្មនានារវាងចក្រភពអង់គ្លេស និងប្រទេសទាំង១០ជាសមាជិកអាស៊ាន មានទំហំ ៤៥.៥ពាន់លានដុល្លារគិតត្រឹមចុង ត្រីមាសទី៣ ឆ្នាំ២០២០។

*មិនមែនជារឿងចៃដន្យ

អាស៊ាន ត្រូវបានក្រុមអ្នកជំនាញខ្លះមើលឃើញថាកំពុងស្ថិតនៅក្រោមការប្រទាញប្រទង់រវាងមហាអំណាចកាន់តែច្រើនឡើង ជាពិសេសគឺរវាងចិន និងអាមេរិកដែល សុទ្ធតែត្រូវការប្លុកមួយនេះដើម្បីពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយ និងប្រយោជន៍របស់ពួកគេនៅក្នុងតំបន់។ ចំណែកឯ អង់គ្លេសវិញក៏បានចាប់ផ្ដើមលូកដៃចូល បន្តិចម្ដងៗ និងសម្លឹងឃើញប្រយោជន៍របស់ខ្លួននៅក្នុងតំបន់នេះដែរ ហើយវាបានស្ដែងឡើងតាមរយៈការបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង HMS Queen Elizabeth មកកាន់តំបន់អាស៊ីកាលពីពេលថ្មីៗនេះ។

ពិតមែនទៅ ចាប់តាំងពីចែកផ្លូវជាមួយសហភាពអឺរ៉ុបមក អង់គ្លេសបន្តិចម្ដងៗបានបង្កើនការចូលរួមជាមួយអាស៊ាន និងបណ្ដាប្រទេសជាសមាជិកនៃប្លុកមួយនេះ រួចស្រេចទៅហើយ ដោយបានតែងតាំងអគ្គរដ្ឋទូតប្រចាំអាស៊ានមានមូលដ្ឋាននៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ស្របពេលកំពុងប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីអាចក្លាយជាដៃគូពិភាក្សារបស់អាស៊ាន។ អង់គ្លេសក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួចហើយដែរជាមួយសិង្ហបុរី និងវៀតណាមហើយកំពុងពិចារណា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយថៃ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី រួមទាំងបណ្ដាប្រទេសជាសមាជិកដទៃទៀត។

លើសពីនេះទៅទៀត ការបំពេញដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab មិនមែនជារឿងចៃដន្យឡើយ តែវាបានបង្ហាញ រឹតច្បាស់ថាអង់គ្លេសមានចេតនាពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅជាមួយអាស៊ាន។ លោក Dominic Raab កាលពីខែមិថុនាកន្លងទៅបានបំពេញទស្សនកិច្ច រយៈពេល ៣ថ្ងៃមកកាន់តំបន់អាស៊ីអាគ្នេយ៍ និងបានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ជាមួយថ្នាក់ដឹកនាំនៅក្នុងប្រទេសវៀតណាម កម្ពុជា និងសិង្ហបុរីដោយផ្ដោតជាសំខាន់ លើបញ្ហាពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសកាលពីពេលថ្មីៗនេះ ក៏បានស្នើសុំជាផ្លូវការដើម្បីចូលរួមក្នុងសន្ធិសញ្ញាពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា CPTPP (Comprehensive and Progressive Agreement for Trans-Pacific Partnership) ដែលជាសន្ធិសញ្ញាមួយគ្របដណ្ដប់ ១៣ភាគរយនៃផលិតផលនៅក្នុងស្រុក GDP សកល។ កិច្ចចរចាត្រូវបានគេរំពឹងថានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ លើសំណើរបស់ចក្រភពអង់គ្លេសសុំចូលរួមក្នុងសន្ធិសញ្ញា CPTPP មានប្រទេស ចំនួន១១ ជាសមាជិកដែលមាន GDP បូកបញ្ចូលគ្នាស្មើនឹង ១២.៤ទ្រីលានដុល្លារ៕

ប្រភព៖ Diplomat (ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១)