(ម៉ូស្គូ)៖ ក្រុមអ្នកជួយសង្គ្រោះ នៅថ្ងៃពុធនេះបានឱ្យដឹងថា សាកសពជនរងគ្រោះ ១៩នាក់ក្នុងចំណោមជនរងគ្រោះ ២៨នាក់ ដែលធ្វើដំណើរលើយន្តហោះធុនមធ្យមប្រភេទ An-26 ដែលបានធ្លាក់នៅតំបន់ចុងបូព៌ាប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានគេប្រទះឃើញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Skynews នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
បើតាមក្រុមអ្នកជួួយសង្គ្រោះ សាកសពពជនរងគ្រោះ ១៩នាក់ខាងលើត្រូវបានគេរកឃើញនៅលើឆ្នេរ នៃឧបទ្វីបកាមឆាតកា (Kamchatka) ប្រទេសរុស្ស៉ី ខណៈបំណែកមួយចំនួននៃយន្តហោះនោះ ក៏ត្រូវបានគេរកឃើញអណ្ដែតនៅលើផ្ទៃសមុទ្រផងដែរ។
គួរបញ្ជាក់ថា យន្តហោះនោះ គឺជាយន្តហោះធុនមធ្យមប្រភេទ An-26 បានធ្វើដំណើរចេញពីទីក្រុង ផេត្រូផាវឡូវ កាមឆាតស្គី (Petropavlovsk-Kamchatsky) សំដៅទៅកាន់ភូមិមួយឈ្មោះ ផាឡាណា (Palana) ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំលុងការធ្វើដំណើរនោះ វាក៏បានដាច់ការទាក់ទង និងបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង នៅចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រ ពីព្រលានយន្តហោះនៅ Palana៕