Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស២៧នាក់ កំពុងបន្តបាត់ខ្លួននៅឡើយ ក្រោយគ្រោះរអិលបាក់ដី នៅប្រទេសជប៉ុន

07-07-2021 17:44

(តូក្យូ)៖ ក្រុមសង្រ្គោះនៅប្រទេសជប៉ុន នាថ្ងៃពុធនេះ កំពុងបន្តតាមស្វែងរកមនុស្ស២៧នាក់ ដែលនៅបាត់ខ្លួននៅឡើយ ក្រោយការធ្លាក់ភ្លៀងខ្លាំង បានបង្កឲ្យមានគ្រោះរអិលបាក់ដី នៅភាគកណ្តាលប្រទេស កាលពី៤ថ្ងៃមុន ហើយសម្លាប់មនុស្ស៧នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

ទោះប៉ុន្មានថ្ងៃបានកន្លងហួសទៅក៏ដោយ ប៉ូលិស កងទ័ព និងភ្នាក់ងារពន្លត់អគ្គីភ័យសរុបប្រហែល ១,១០០នាក់ កំពុងប្រឹងប្រែងស្វែងរក អ្នកដែលនៅបន្ត បាត់ខ្លួនយ៉ាងសកម្មដដែល ខណៈការព្យាករបានបង្ហាញថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលអាចបង្កការ លំបាក់ដល់ប្រតិបត្តិការជួយសង្រ្គោះ។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ នៅឯទីក្រុង Atami ដែលស្ថិតនៅចម្ងាយ៩០គីឡូម៉ែត្រ ពីនិរតីទីក្រុងតូក្យូ។ ក្រៅពីមនុស្សស្លាប់និងបាត់ខ្លួន អគារចំនួន១៣០ខ្នង រួមមានទាំងផ្ទះសម្បែង ក៏បានរងការខូចខាតផងដែរ៕