(ប៉េកាំង)៖ ថ្ងៃទី៦ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនបានថ្លែងក្នុងកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំបក្សកុម្មុយនិស្តចិននិងបក្សនយោបាយលើពិភពលោកថា ប្រទេសចិននឹងជំរុញយ៉ាងសកម្មចំពោះការធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ដើម្បីរួមចំណែកថ្មីដល់ការចាប់ដៃគ្នារបស់មនុស្សជាតិក្នុងការទប់ទល់នឹងបញ្ហាប្រឈមរួម។
លោក Xi Jinping បានថ្លែងថា ច្បាប់កំណត់អន្តរជាតិត្រូវតែជាច្បាប់កំណត់ដែលប្រទេសនានាលើពិភពលោកសុទ្ធតែទទួលស្គាល់ តែមិនត្រូវកំណត់ដោយ មនុស្សភាគតិចនោះទេ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសនានា គួរតែចាត់ទុកការបម្រើមនុស្សជាតិទាំងមូលជាកម្មវត្ថុ តែមិនមែនស្វែងរកការធ្វើអនុត្តភាព លើពិភពលោកដោយក្រុមនយោបាយមួយក្តាប់តូចនោះទេ។
ភាគីនានាត្រូវរួមគ្នាប្រឆាំងនឹងអនុត្តរភាពនិយមនិងនយោបាយអំណាចខ្លាំង។ លោកបានរំលឹកឡើងវិញថាប្រទេសចិនជាសមាជិកមួយក្នុងចំណោមមហាគ្រួសារ នៃប្រទេសកំពុងអភិវឌ្ឍន៍ជាប់ជានិច្ច ហើយនឹងខិតខំប្រឹងប្រែងដោយមិនងាករេ ដើម្បីលើកកម្ពស់ភាពតំណាង និងសិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ។
លោក Xi Jinping បានគូសបញ្ជាក់ថា មាគ៌ាទំនើបភាវូបនីយកម្មគ្មានរូបមន្តដាច់ខាតនោះទេ រូបមន្តអភិវឌ្ឍន៍ដែលសមស្របនឹងខ្លួនគឺជារូបមន្តល្អបំផុត។ ការខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗក្នុងការស្វែងរកមាគ៌ាទំនើបភាវូបនីយកម្មដែលសមស្របនឹងសភាពការណ៍របស់ប្រទេសខ្លួនគួរតែទទួលបានការគោរព។
ទន្ទឹមនឹងនេះ លោកបានលើកឡើងទៀតថា បក្សកុម្មុយនិស្តចិននឹងសាមគ្គីនិងដឹកនាំប្រជាជនចិនដើម្បីជំរុញការធ្វើទំនើបភាវូបនីយកម្មបែបប្រទេសចិនឱ្យកាន់តែ ស៊ីជម្រៅ ធ្វើឱ្យកំណែទម្រង់និងការបើកចំហមានភាពកាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ អនុវត្តទំនួលខុសត្រូវរបស់ប្រទេសធំនិងបក្សធំ ដើម្បីរួមចំណែកថ្មី ដល់ការស្វែងរកមាគ៌ាទំនើបភាវូបនីយកម្ម ការអភិវឌ្ឍនិងភាពរុងរឿងនៃប្រទេសនានាលើពិភពលោក និងបង្កើនសុភមង្គលរបស់មនុស្សជាតិ៕