(ប៉េកាំង)៖ កាលពីថ្ងៃទី៥ ខែកក្កដា លោកប្រធានរដ្ឋចិន Xi Jinping បានរៀបចំធ្វើកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ ជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោកស្រី Angela Merkel នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅក្រុងប៉េកាំង។ នេះជាលើកទីពីរដែលមេដឹកនាំប្រទេសទាំងបី រៀបចំធ្វើកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ ក្នុងរយៈពេលបីខែកន្លងទៅ ការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងទ្វេភាគី និងបំណងបង្កើនកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងចិន និងអឺរ៉ុបគឺច្បាស់លាស់ណាស់។
«ចិន និងអឺរ៉ុបធ្វើកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាន នៃគោលការណ៍គោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិតមិនស្របគ្នា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងភាគីទាំងពីរបានប្រមូលផ្តុំនូវផលប្រយោជន៍រួមធំបំផុតរវាងគ្នា និងគ្នា»។ ការសម្តែងអាកប្បកិរិយាបែបនេះរបស់លោក Xi Jinping បានចង្អុលបង្ហាញយ៉ាងច្បាស់លាស់ នូវទិសដៅអភិវឌ្ឍន៍របស់ភាគីទាំងពីរចិន និងអឺរ៉ុបដែលបំបាត់ចោលការរំខាន និងក្តាប់ជាប់យ៉ាងរឹងមាំនូវនិន្នាការរីកចម្រើនទៅមុខ នៃទំនាក់ទំនងភាគីទាំងពីរ។
បើមើលពីវិស័យនយោបាយអាចឃើញថា ជានិច្ចកាលភាគីចិនបានគាំទ្រដំណើរសមាហរណកម្មរបស់អឺរ៉ុប។ ក្នុងពេលដំណាលគ្នានេះ របបនយោបាយ និងផ្លូវអភិវឌ្ឍន៍របស់ប្រទេសចិន ក៏គួរទទួលការគោរព និងយោគយល់ពីភាគីអឺរ៉ុបផងដែរ។ អ្វីដែល «ប្រទេសចិនរំពឹងទុកបំផុតគឺអភិវឌ្ឍខ្លួនឯងឱ្យបានល្អ តែគឺមិនមែនជំនួសគេនោះទេ»។ នេះជាការអធិប្បាយយ៉ាងច្បាស់លាស់របស់ភាគីចិន ចំពោះផ្លូវអភិវឌ្ឍន៍ និងគោលបំណងអភិវឌ្ឍន៍របស់ខ្លួន។
ចំណែកកិច្ចសហប្រតិបត្តិការជាក់ស្តែងវិញ ភាគីចិនបានបង្ហាញថា រីករាយបើកធ្វើកិច្ចជំនួបរវាងមេដឹកនាំចិន និងអឺរ៉ុបលើកទី ២៣ ជាមួយភាគីអឺរ៉ុបក្នុងពេលឆាប់ៗ រៀបចំឱ្យបានល្អនូវកិច្ចសន្ទនាជាន់ខ្ពស់ ខាងវិស័យយុទ្ធសាស្ត្រ សេដ្ឋកិច្ចពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ឌីជីថលនិងអាកាសធាតុ ហើយធ្វើឱ្យច្រករហ័ស សម្រាប់ការប្រាស្រ័យទាក់ទងរវាងបុគ្គលិក មានភាពកាន់តែប្រសើរឡើង ក្នុងបរិបទនៃការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩។ ចំណែកកិច្ចការអន្តរជាតិវិញ ភាគីចិនបានគូសបញ្ជាក់ថា «គួរតែគាំពារប្រព័ន្ធអន្តរជាតិ ដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល និងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដែលចាត់ទុកធម្មនុញ្ញអង្គការសហប្រជាជាតិជាមូលដ្ឋាន» ហើយ «កិច្ចការអន្តរជាតិត្រូវការបណ្តាប្រទេសនានា ដោះស្រាយតាមរយៈការពិគ្រោះពិភាក្សាដោយភាពស្ងប់ស្ងាត់»។
ចំពោះការនេះ មេដឹកនាំអាល្លឺម៉ង់ និងបារាំងបានឆ្លើយតបយ៉ាងសកម្ម។ លោកស្រី Angela Merkel បានថ្លែងថា អឺរ៉ុប និងចិនមានគំនិតឯកភាពរួមជាច្រើន ហើយវិស័យដែលអាចធ្វើកិច្ចសហប្រតិបត្តិការ ក៏មានច្រើនផងដែរ ដូច្នេះគួរតែគោរពគ្នាទៅវិញទៅមក និងកាត់បន្ថយការខ្វែងគំនិតគ្នា តាមរយៈការបង្កើនកិច្ចសន្ទនា ព្រមទាំងរំពឹងទុកថា កិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងអឺរ៉ុប និងចិនអាចត្រូវអនុម័តក្នុងពេលឆាប់ៗ។ លោក Emmanuel Macron ក៏បានគាំទ្រការឈានដល់កិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងអឺរ៉ុប និងចិនផងដែរ ហើយរីករាយបង្កើនការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលជាមួយភាគីចិន អំពីបញ្ហាពិភាក្សាដូចជាការទប់ទល់នឹង បម្រែបម្រួលអាកាសធាតុជាដើម។
បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោក នៅតែមានភាពធ្ងន់ធ្ងរដដែល អនាគតងើបឡើងវិញនៃសេដ្ឋកិច្ច ក៏មិនច្បាស់លាស់ផងដែរ។ ពិភពលោកកាន់តែត្រូវគោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្មោះ ជាងពេលណាៗទាំងអស់ តែគឺមិនមែនមានការសង្ស័យគ្នា និងបដិបក្ខគ្នានោះទេ។ ក្នុងនាមជាកម្លាំងធំទាំងពីរ ទីផ្សារធំទាំងពីរ និងអរិយធម៌ធំទាំងពីរលើពិភពលោក កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិន និងអឺរ៉ុបកាន់តែមានលក្ខណៈជាសកល និងជាយុទ្ធសាស្ត្រ៕ #CCFR Comment#