(អាហ្វ្រិកខាងត្បូង)៖ ប៉ូលិសអាហ្វ្រិកខាងត្បូងមានផែនការចាប់ខ្លួនអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma នៅមុនពាក់កណ្ដាលយប់ថ្ងៃពុធ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) បើសិនជាគ្មានការណែនាំ ឬបទបញ្ជាថ្មីណាមួយពីតុលាការធម្មនុញ្ញទេនោះ។ នេះបើតាមអ្នកនាំពាក្យក្រសួងប៉ូលិសអាហ្វ្រិកខាងត្បូង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
តុលាការធម្មនុញ្ញអាហ្វ្រិកខាងត្បូងកាលពីសប្ដាហ៍មុន បានផ្ដន្ទាទោសលោក Zuma ដាក់ពន្ធនាគារ ១៥ខែ ពីបទមិនគោរពតាមបទបញ្ជារបស់តុលាការពាក់ព័ន្ធនឹង ការតម្រូវឱ្យលោកបង្ហាញភស្តុតាងជុំវិញការស៊ើបអង្កេតលើអំពើពុករលួយ កាលពីខែកុម្ភៈកន្លងទៅនេះ។ បន្ថែមពីលើនេះ តុលាការក៏បានបង្គាប់ឱ្យលោកប្រគល់ខ្លួន ដោយស្ម័គ្រចិត្តឱ្យអាជ្ញាធរនៅមុនថ្ងៃទី៤ ខែកក្កដាផងដែរ បើពុំដូច្នោះទេលោកនឹងត្រូវបានចាប់ខ្លួននៅក្នុងរយៈពេល៣ថ្ងៃ ក្រោយចប់ឱសានវាទ។
គួរបញ្ជាក់ថា លោក Jacob Zuma មានអាយុ៧៩ឆ្នាំ បច្ចុប្បន្ននៅតែជាតួអង្គនយោបាយដ៏សំខាន់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដដែល ដូច្នេះសំណុំរឿងរបស់ លោកនឹងក្លាយជាការធ្វើតេស្ដមួយលើប្រជាធិបតេយ្យ និងនីតិរដ្ឋនៃប្រទេសមួយនេះ។ លោក Jacob Zuma ត្រូវបានគេបង្ខំឱ្យលាលែងពីតំណែងកាលពីឆ្នាំ២០០៨ បន្ទាប់ពីមានរឿងអាស្រូវបាត់លុយរដ្ឋច្រើនជាង ៣៥ពាន់លានដុល្លារ។ ប៉ុន្តែលោក Zuma អះអាងថាលោកមិនបានប្រព្រឹត្តខុសអ្វីទាំងអស់៕