(ស៊ីនដី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) នៃប្រទេសអូស្ត្រាលី បានធ្វើការសម្រេចចិត្តដ៏លំបាកមួយ នោះគឺការតម្រូវឲ្យបិទខ្ទប់ទីក្រុងស៊ីដនី បន្តរយៈពេលមួយសប្តាហ៍ទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលកំពុងរាតត្បាតខ្លាំងនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
ទីក្រុងស៊ីដនីត្រូវបានសម្រេចឲ្យបិទខ្ទប់ដំណាក់កាលទី ១ កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅនេះ បន្ទាប់ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ ហើយប្រជាជនទាំងអស់ត្រូវបានបង្គាប់ ឲ្យស្នាក់នៅក្នុងផ្ទះជាចាំបាច់ ដោយមានការលើកលែងឲ្យចេញមកក្រៅ តែចំពោះករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។ ចំនួនអ្នកឆ្លង COVID-19 ប្រមាណ ៣៣០ករណី ដែលត្រូវបានរកឃើញ គឺជាតួលេខអាក្រក់បំផុតមួយទៅហើយ សម្រាប់ទីក្រុងស៊ីដនីក្នុងឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា ប្រជាជនរស់នៅក្នុងតំបន់ទីប្រជុំជនទីក្រុងស៊ីដនី និងតំបន់ជុំវិញសរុបប្រមាណជាង ៥លាននាក់ នឹងបន្តស្នាក់នៅក្នុងលំនៅឋាន រយៈពេល ១សប្តាហ៍ គឺរហូតដល់ថ្ងៃសុក្រសប្តាហ៍ក្រោយ។ ដោយឡែកសាលារៀននានា ក៏នឹងបន្តបិទទ្វាររហូតដល់ពេលនោះដូចគ្នា។
អាជ្ញាធររដ្ឋញូសោតវែលស៍បានគូសបញ្ជាក់ថា ការបិទខ្ទប់បន្តទៀតនេះពិតណាស់ថា នឹងបង្កផលវិបាកបន្ថែមដល់ផ្នែកសតិអារម្មណ៍ និងការប្រកបរបរអាជីវកម្មរបស់ប្រជាជន ប៉ុន្តែនេះជាវិធានការចាំបាច់បំផុត ដើម្បីទប់ទល់ការឆ្លងរាតត្បាត COVID-19 បម្លែងថ្មី Delta ដែលមានគ្រោះថ្នាក់បំផុត ខណៈបច្ចុប្បន្នប្រជាជនអូស្ត្រាលីមិនដល់ ១០% នោះឡើយ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ៕