(វ៉ាស៊ីនតោន)៖ កងទ័ពអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារសប្ដាហ៍នេះបានសន្យាថា នឹងវាយដណ្ដើមយកស្រុកទាំងអស់ ដែលបានធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ក្រុម សកម្មប្រយុទ្ធតាលីបង់នោះត្រឡប់មកវិញ ខណៈកងទ័ពអាមេរិកស្ទើរតែទាំងស្រុងទៅហើយ ត្រូវបានដកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
បើតាមទីបញ្ជាការកណ្ដាលយោធាអាមេរិក ការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន តាមបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន សម្រេចបានច្រើនជាង ៩០ភាគរយហើយ ដែលនេះមានន័យថា ចាប់ពីពេលនេះតទៅ កងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុល នឹងត្រូវកំណត់ជោគវាសនា និងបង្កើនការវាយប្រយុទ្ធដោយខ្លួនឯង ប្រឆាំងនឹងក្រុមតាលីបង់។
យ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាហ្វហ្គានីស្ថាន លោក ហាំឌុលឡាហ៍ ម៉ូហ៊ីប (Hamdullah Mohib) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កងកម្លាំងរដ្ឋាភិបាលនឹងវាយដណ្ដើមយកស្រុកទាំងអស់ ដែលបានធ្លាក់ចូលក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ត្រឡប់មកវិញ។ លោក Hamdullah បានគូសបញ្ជាក់ដូច្នេះថា «វាគឺជាសង្រ្គាម និងសម្ពាធ... ដូច្នេះជួនកាលរឿងគ្រប់យ៉ាង គឺដំណើរការទៅមុខ ពេលខ្លះមិនដំណើរការ។ ក៏ប៉ុន្តែយើងនឹងនៅតែបន្ត ការពារប្រជាជនអាហ្វហ្គានីស្ថាន ហើយយើងមានផែនការជាស្រេច ដើម្បីវាយដណ្ដើមយកស្រុកជាច្រើនមកវិញ»។
គួរបញ្ជាក់ថា តាមបទបញ្ជារបស់លោក ចូ បៃដិន កាលពីខែមេសាកន្លងទៅ សហរដ្ឋអាមេរិកនឹងដកកងទ័ពទាំងអស់ជាង ២,៥០០នាក់ចេញពីអាហ្វហ្គានីស្ថានឱ្យបានមុនថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ ដែលចំថ្ងៃខួបនៃការវាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ មហាភេរវកម្មដោយការបើកយន្តហោះ បុកអគារភ្លោះពាណិជ្ជកម្មពិភពលោក ស្ថិតក្នុងបុរីញូយ៉កសហរដ្ឋអាមេរិក បានបណ្តាលឲ្យមនុស្សជិត ៣,០០០នាក់ និងជាង ៦,០០០នាក់រងរបួស៕