(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១,៦១២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២០២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៦២២,៦៩០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២១,៥៦១នាក់ និងជាសះស្បើយឡើងសរុប ២៩.១៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានលើកទឹកចិត្តដល់ប្រជាជនអាមេរិក ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឱ្យទៅទទួលការចាក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារពួកគេពីការឆ្លងជំងឺនេះ ក៏ដូចជាវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (មានប្រភពដើមពីឥណ្ឌា) ដែលមានសមត្ថភាពចម្លង រហ័សជាងវីរុសបម្លែងខ្លួនថ្មីនានា នៅពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨២.៤១លាននាក់ (៥៥.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥៧.៣២លាននាក់ (៤៧.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕