(ហ្សឺណែវ)៖ ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) លោកស្រី មីឈែល បាសេឡេត (Michelle Bachelet) បានធ្វើការព្រមានថា ស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការផ្ទុះរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ កំពុងជំរុញប្រទេសអាស៊ានមួយនេះ ឆ្ពោះទៅរកសង្គ្រាមស៊ីវិលដែលអាចទៅរួច និងអាចបង្កអសន្តិសុខក្នុងតំបន់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។
លោកស្រី Michelle Bachelet បានថ្លែងនៅមុនកិច្ចប្រជុំនៃ UNHRC នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសថា «ស្ថានការណ៍ជារួមនៅមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានខែមកនេះ បានវិវត្តន៍ពីវិបត្តិនយោបាយ ទៅជាមហន្តរាយសិទ្ធិមនុស្សពហុវិមាត្រ។ ការរងទុក្ខវេទនា និងអំពើហិង្សាពាសពេញផ្ទៃប្រទេស គឺជាសកម្មភាពកំពុងបំផ្លិចបំផ្លាញ ដល់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយក៏បង្កើនលទ្ធភាព ឈានទៅរកភាពបរាជ័យរបស់រដ្ឋ ឬសង្គ្រាមស៊ីវិលកាន់តែខ្លាំងផងដែរ»។
លោកស្រី Michelle Bachelet បានព្រមានទៀតថា អ្វីដែលបាននិងកំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាសញ្ញាយ៉ាងច្បាស់លាស់ ដែលបង្ហាញអំពីអសន្តិសុខយ៉ាងធំធេង ដែលអាចរាលដាលទៅក្នុងតំបន់។ ហេតុដូច្នេះប្រធានផ្នែកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិរូបនេះ បានជំរុញឲ្យក្រុមប្រដាប់អាវុធទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គោរព និងការពារជនស៊ីវិល ព្រមទាំងមូលដ្ឋានស៊ីវិលផងដែរ ក្នុងនោះមានដូចជាមណ្ឌលសុខភាព និងសាលារៀនជាដើម។
គួរបញ្ជាក់ផងដែរថា លោកស្រី Michelle Bachelet ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ រួមគ្នាដាក់សម្ពាធបន្ថែមលើយោធាមីយ៉ាន់ម៉ា និងនាំយកលទ្ធិប្រជាធិបតេយ្យ ត្រលប់មកជូនប្រជាជនមីយ៉ាន់ម៉ាវិញ៕