(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងបានចូលរួមកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយលើពិភពលោក។
កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយគណបក្សកុម្មនិស្តចិនធ្វើជាម្ចាស់ផ្ទះ។ ថ្នាក់ដឹកនាំនៃគណបក្សនយោបាយ និងស្ថាប័ននានាជុំវិញពិភពលោក ត្រូវបានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។
កិច្ចប្រជុំកំពូលនេះ នឹងត្រូវធ្វើឡើងក្នុងលក្ខណៈជាការសន្ទនាគ្នាប្រកបដោយមិត្តភាព និងស៊ីជម្រៅ ដែលផ្តោតលើប្រធានបទ «ធ្វើការដើម្បីសុខុមាលភាពប្រជាជន៖ ទំនួលខុសត្រូវរបស់គណបក្សនយោបាយ»។
តាមរយៈការបង្កើតផែនការមេសម្រាប់ការអភិវឌ្ឍន៍មនុស្សជាតិ នាពេលអនាគត កិច្ចប្រជុំកំពូលនឹងចូលរួមចំណែកជាគតិបណ្ឌិត និងកម្លាំងដល់គណបក្សនយោបាយ និងស្ថាប័ននានាក្នុងការកសាងពិភពលោក ដែលប្រជាជនប្រកបដោយសុខុមាលភាព និងធានាការអភិវឌ្ឍរួមគ្នានៃប្រទេសទាំងអស់។
ក្នុងកំលុងពេលនៃកិច្ចប្រជុំកំពូលនេះ គេហទំព័រផ្លូវការមួយនឹងត្រូវបានបង្កើត ដើម្បីជាវេទិកាមួយសម្រាប់ឱ្យថ្នាក់ដឹកនាំគណបក្សនយោបាយ និងអង្គការនានាបញ្ចេញគំនិតលើប្រធានបទនៃសន្និសីទកំពូលក្នុងទម្រង់ជាវីដេអូ ឬការសរសេរ៕