(ម៉ូស្គូ)៖ អាជ្ញាធរុស្ស៉ីបានឲ្យដឹងថា មនុស្សទាំង២៨នាក់ ធ្វើដំណើរលើយន្តហោះមួយគ្រឿង ដែលបានធ្លាក់នៅតំបន់ចុងបូព៌ាប្រទេសរុស្ស៉ី នារសៀលថ្ងៃអង្គារនេះ គឺពុំមានអ្នកនៅមានជីវិតឡើយ ខណៈតួយន្តហោះត្រូវបានរកឃើញនៅលើឆ្នេរ ចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីកន្លែង ដែលវាត្រូវចុះចត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី Sputnik នៅថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។
ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសរបស់រដ្ឋាភិបាលរុស្ស៉ី បានប្រាប់ថា ក្រុមសង្រ្គោះបានរកឃើញតួយន្តហោះ ដែលធ្លាក់នោះនៅលើឆ្នេរ ចម្ងាយប្រហែល៤-៥គីឡូម៉ែត្រពីកន្លែងត្រូវចុះចតរបស់វា ខណៈបំណែកមួយចំនួន ត្រូវបានរកឃើញអណ្តែតលើផ្ទៃសមុទ្រផងដែរ។ រីឯអ្នកនាំពាក្យសេវាជួយសង្រ្គោះ បានអះអាងថា យោងតាមព័ត៌មានបឋម គឺអ្នកដំណើរទាំង២២នាក់ និងក្រុមការងារយន្តហោះទាំង៦នាក់ បានបាត់បង់ជីវិតទាំងអស់ ពេលដែលយន្តហោះធ្លាក់។
គួរបញ្ជាក់ថា យន្តហោះនោះ គឺជាយន្តហោះធុនមធ្យមប្រភេទ An-26 បានធ្វើដំណើរចេញពីទីក្រុង ផេត្រូផាវឡូវ កាមឆាតស្គី (Petropavlovsk-Kamchatsky) សំដៅទៅកាន់ភូមិមួយឈ្មោះ ផាឡាណា (Palana) ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំលុងការធ្វើដំណើរនោះ វាក៏បានដាច់ការទាក់ទង និងបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង នៅចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រ ពីព្រលានយន្តហោះនៅ Palana៕