Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING (Update): ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីថា យន្តហោះផ្ទុកមនុស្ស ២៨នាក់នោះ បានធ្លាក់ចូលក្នុងសមុទ្របាត់ហើយ

06-07-2021 16:18

(ម៉ូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅរុស្ស៉ីបានរាយការណ៍ថា យន្តហោះស៉ីវិលដឹកអ្នកដំណើរ ដែលបានដំណឹងដោយគ្មានមូលហេតុ នៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ចុងបូព៌ាប្រទេសរុស្ស៉ី បានធ្លាក់ចូលសមុទ្របាត់ទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។

ប្រភពដដែលបានអះអាងទៀតថា យន្តហោះជួយសង្រ្គោះមួយគ្រឿងរបស់យោធារុស្ស៉ី ក៏បានទៅដល់កន្លែងធ្លាក់យន្តហោះខាងលើផងដែរ។ យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ជាផ្លូវការ ពីអាជ្ញាធរនៅឡើយទេថា វាពិតជាបានធ្លាក់មែនឬយ៉ាងណា។ ជុំវិញហេតុការណ៍នេះ ការស៉ើបអង្កេតត្រូវបានធ្វើឡើង ហើយប្រតិបត្តិការជួយសង្រ្គោះ ដែលមានចូលរួមពីយន្តហោះ ឧទ្ធម្ភាគចក្រ និងនាវាចម្រុះគ្រឿង កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម។

គួរបញ្ជាក់ថា យន្តហោះនោះ គឺជាប្រភេទ An-26 ផ្ទុកមនុស្សសរុប ២៨នាក់ ក្នុងនោះ២២នាក់ជាអ្នកដំណើរ និង ០៦នាក់ទៀត ជាក្រុមអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះនោះ។ បើតាមអាជ្ញាធររុស្ស៊ី យន្តហោះធុនមធ្យមនេះបានធ្វើដំណើរចេញពីទីក្រុង ផេត្រូផាវឡូវ កាមឆាតស្គី (Petropavlovsk-Kamchatsky) សំដៅទៅកាន់ភូមិមួយឈ្មោះ ផាឡាណា (Palana) ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំលុងការធ្វើដំណើរនោះ វាក៏បានដាច់ការទាក់ទង និងបាត់ចេញពីប្រព័ន្ធរ៉ាដាតែម្តង នៅចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រ ពីព្រលានយន្តហោះនៅ Palana ប៉ុណ្ណោះ៕