(ប៉េកាំង)៖ «រាល់ការប៉ុនប៉ងធ្វើអបគមន៍បក្សកុម្មុយនិស្តចិននិងប្រជាជនចិន នឹងមិនអាចសម្រេចបានជាដាច់ខាត។ សមាជិកបក្សកុម្មុយនិស្តចិនចំនួនជាង ៩៥លាននាក់ មិនទទួលយកជាដាច់ខាត។ ប្រជាជនចិនចំនួន ១ពាន់ ៤រយលាននាក់ ក៏មិនទទួលយកជាដាច់ខាតផងដែរ»។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបង្ហាញយ៉ាងច្បាស់លាស់ដូចពោលខាងលើនេះ ក្នុងមហាសន្និបាតអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិនកាលពីថ្ងៃទី ១ ខែកក្កដា។
ប្រសិនបើចង់ស្វែងយល់ពីបក្សកុម្មុយនិស្តចិននោះ ចាំបាច់ត្រូវយល់ដឹងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងបក្សកុម្មុយនិស្តចិននិងប្រជាជនចិន។ រំលឹកឡើងវិញពីដំណើរតស៊ូព្យាយាមរបស់បក្សកុម្មុយនិស្តចិន ក្នុងរយៈពេល ១រយឆ្នាំកន្លងមក អ្នកផងទាំងពួងក៏មិនពិបាកយល់ឃើញថា តើហេតុអ្វីបានជាការបង្ហាញអាកប្បកិរិយារបស់មេដឹកនាំកំពូល នៃបក្សកុម្មុយនិស្តចិនមួយនេះ មានភាពរឹងមាំនិងមានជំនឿចិត្តខ្ពស់អ៊ីចឹង។
បើមើលពីធាតុពិតរបស់គណបក្សនយោបាយអាចឃើញថា ការតម្កល់ទុកប្រជាជនជាអាទិភាព ជាលក្ខណៈពិសេសច្បាស់លាស់បំផុត របស់បក្សកុម្មុយនិស្តចិន ហើយក៏ជាសញ្ញាយ៉ាងលេចធ្លោនៃភាពទីទៃគ្នារវាងបក្សកុម្មុយនិស្តចិន ដែលជាគណបក្សម៉ាក្សនិយមនិងគណបក្សនយោបាយផ្សេងទៀតផងដែរ។ ចាប់តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនក៏បានសន្យាថា នឹងតម្កល់ទុកផលប្រយោជន៍របស់ប្រជាជនជាចម្បងគ្រប់ពេលវេលា ។
ក្នុងរយៈពេល១០០ ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិនបានសាមគ្គីគ្នា និងដឹកនាំប្រជាជនបង្កើតប្រទេសចិនថ្មី ធ្វើកិច្ចកសាងសង្គមនិយម អនុវត្តកំណែទម្រង់និងការបើកទូលាយនិងសម្រេចការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជាខិតខំព្យាយាមបោះជំហានទៅកាន់គោលដៅ នៃការសម្រេចភាពសម្បូរសប្បាយជាមួយគ្នាផងដែរ។ គោលបំណងជាសារវន្តរបស់បក្សកុម្មុយនិស្តចិន គឺបំពេញឥតឈប់ឈរនូវក្តីប្រាថ្នាចំពោះជីវភាពដ៏ល្អបវរ របស់ប្រជាជននិងធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អ។
លទ្ធផលជាផ្លែផ្កាខាងវិទ្យាសាស្ត្រ និងបច្ចេកទេសធំៗមួយចំនួន ដូចជា ការហោះហើរផ្ទុកមនុស្សលើអវកាស វិស្វកម្មស្ទង់រុករកភពព្រះចន្ទ និងកុំព្យូទ័រកំពូលផុតលេខជាដើម ត្រូវបានសម្រេចជាបន្តបន្ទាប់ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ១៩ ទទួលបានសមិទ្ធផលជាយុទ្ធសាស្រ្តដ៏សំខាន់ ក៏ដូចជាបញ្ហាក្រីក្រដាច់ខាតត្រូវបានដោះស្រាយជាប្រវត្តិសាស្រ្ត។ល។
អ្វីៗទាំងអស់នេះមិនអាចឃ្លាតពី ការដឹកនាំដ៏មុតមាំរបស់បក្សកុម្មុយនិស្តចិននោះទេ ហើយក៏មិនអាចឃ្លាតពីកម្លាំងប្រយុទ្ធ និងភាពច្នៃប្រឌិតដ៏ខ្លាំងក្លារបស់ប្រជាជនចិនចំនួន ១ពាន់ ៤រយលាននាក់ ដែលបានជឿជាក់បក្សកុម្មុយនិស្តចិន។ ដូចពាក្យសម្តីរបស់ប្រជាជនម្នាក់ ដែលបានបម្រះខ្លួនចេញផុតពី ភាពក្រីក្រដែលបានលើកឡើងថា «ឱ្យតែពួកយើងមិនរង់ចាំ ក្តាប់ជាប់ឱកាស ហើយពង្រីកស្មារតីនៃ «ទុកឱ្យខ្ញុំធ្វើ» នោះ ពួកយើងពិតជានឹងមានជីវភាពរស់នៅកាន់តែល្អជាមិនខាន»។
«ទឹកដីគឺជារបស់ប្រជាជន ហើយប្រជាជនគឺជាទឹកដីផងដែរ»។ នេះជាការបូកសរុបយ៉ាងស៊ីជម្រៅ ចំពោះដំណើរតស៊ូព្យាយាមរបស់បក្សកុម្មុយនិស្តចិន ក្នុងរយៈពេល ១រយឆ្នាំកន្លងមក។ ប្រជាជនចិនគឺជាទីបង្អែកដ៏ខ្លាំងបំផុត នៃការកាន់អំណាចរបស់បក្សកុម្មុយនិស្តចិន។ គឺដោយសារមានការគាំទ្រយ៉ាងមុតមាំពីប្រជាជន រាល់ការអុជអាលបំបែកបំបាក់ មុខជានឹងត្រូវបរាជ័យជាមិនខាន។ នៅលើផ្លូវដែលឆ្ពោះទៅរកគោលដៅតស៊ូ ១០០ឆ្នាំទីពីរ បក្សកុម្មុយនិស្តចិននឹងបន្តសាមគ្គីគ្នា និងដឹកនាំប្រជាជនចិនបង្កើតអច្ឆរិយអភិវឌ្ឍន៍កាន់តែច្រើន និងទទួលបានអនាគតកាន់តែល្អបវរ៕