(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងរបស់រុស្ស៊ី ដែលផ្ទុកមនុស្សសរុប ២៨នាក់ បានបាត់ដំណឹងនៅលើតំបន់ឧបទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។
យន្តហោះដែលកំពុងបាត់ដំណឹងខាងលើនេះ គឺជាប្រភេទ An-26 ផ្ទុកមនុស្សសរុប ២៨នាក់ ក្នុងនោះ ២២នាក់ជាអ្នកដំណើរ និង ០៦នាក់ទៀត ជាក្រុមអាកាសយានិក និងអ្នកបម្រើការងារលើយន្តហោះនោះ។ បើតាមអាជ្ញាធររុស្ស៊ី យន្តហោះធុនមធ្យមនេះបានធ្វើដំណើរចេញពីទីក្រុង ផេត្រូផាវឡូវ កាមឆាតស្គី (Petropavlovsk-Kamchatsky) សំដៅទៅកាន់ភូមិមួយឈ្មោះ ផាឡាណា (Palana) ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំលុងការធ្វើដំណើរនោះ វាក៏បានដាច់ការទាក់ទងពីប្រព័ន្ធរ៉ាដាតែម្តង។
គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងអំពីជោគវាសនានៃយន្តហោះ An-26 និងមនុស្សទាំង ២៨នាក់ខាងលើនេះនៅឡើយទេ ខណៈអាជ្ញាធរអាកាសចរណ៍រុស្ស៊ី កំពុងព្យាយាមទាក់ទង និងអាចចាត់ចែងក្រុមសង្គ្រោះ ដើម្បីតាមស្វែងរក៕