(បាកដាដ)៖ កងទ័ពអាមេរិកបានធ្វើការបាញ់ទម្លាក់ យន្តហោះដ្រូនមួយគ្រឿងបំពាក់ដោយគ្រាប់បែក ដែលបានហោះហើរពីលើស្ថានទូតអាមេរិក នៅក្នុងរដ្ឋធានីបាកដាដ នៃប្រទេសអ៊ីរ៉ាក់ កាលពីយប់ថ្ងៃចន្ទ (ម៉ោងនៅទីក្រុងបាកដាដ)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១។
ប្រព័ន្ធការពារដែនអាកាស បានបាញ់់រ៉ុក្កែតជាច្រើនគ្រាប់ទៅលើអាកាស នៅក្នុងទីក្រុងបាកដាដ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយក្រោយមកយន្តហោះដ្រូនបំពាក់ដោយគ្រឿងផ្ទុះ មួយគ្រឿងត្រូវបានបាញ់កម្ទេចជាស្ថាពរ។ មូលដ្ឋានដែលឧស្សាហ៍រងការវាយប្រហារជាងគេនោះមានដូចជា ស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ, មូលដ្ឋានទ័ពជាប់ព្រលានយន្តហោះអាប៊ីល (Arbil) និងរដ្ឋធានីនៃតំបន់ដែលក្រុមឃើដគ្រប់គ្រងជាដើម។
គួរបញ្ជាក់ថា គិតតែក្នុងកំលុងឆ្នាំ២០២១នេះប៉ុណ្ណោះ ការប៉ុនប៉ងវាយប្រហារសរុប ៤៧លើកហើយបានកើតមានឡើង ទៅលើមូលដ្ឋាននានានៃសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយ០៦លើកក្នុងចំណោមនោះ គឺជាការប៉ុនប៉ងវាយប្រហារដោយប្រើ យន្តហោះដ្រូនបំពាក់គ្រឿងផ្ទុះ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានកងទ័ពសរុប ២,៥០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃក្រុមចំរុះអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវករ ISIS៕