(ម៉ូស្គូ)៖ នៅពេលដែលនិយាយដល់ការប្រជែងដណ្ដើមឥទ្ធិពលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, អាស៊ីគ្នេយ៍ ឬឧបទ្វីបកូរ៉េ ឬក៏អាស៊ីទាំងមូល គេតែងតែនឹកឃើញមុនគេពីការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន ដោយមើលរំលងមហាអំណាចមួយ នោះគឺរុស្ស៊ី។ រុស្ស៊ីដែលមានជើងម្ខាងជាប់អាស៊ី និងជើងម្ខាងទៀតជាប់អឺរ៉ុបត្រូវបាន អ្នកជំនាញខ្លះហៅថា «យក្សកន្ដឿនយោបាយ» ដោយសារតែគោលនយោបាយការបរទេសរបស់ប្រទេសមួយនេះផ្ដោតសំខាន់តែទៅលើតំបន់អ៉ឺរ៉ុបជាអាទិភាព រីឯការ ពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់អាស៊ី គឺពឹងផ្អែកលើទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រជាមួយចិន។
ពិតមែនទៅ នារយៈពេលប៉ុន្មានចុងក្រោយនេះ គេសង្កេតឃើញថារុស្ស៊ីក៏ហាក់ដូចជាបានបង្កើនការចូលរួមកាន់តែច្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសគឺការចូលរួមជាមួយអាស៊ានតែម្ដង ចាប់តាំងពីការបិទបញ្ចប់សង្រ្គាមត្រជាក់មក។ បើតាមក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយ រុស្ស៊ីនឹងមិនអាចប្រជែងដណ្ដើម ឥទ្ធិពលនៅក្នុងតំបន់ជាមួយសហរដ្ឋអាមេរិក ឬចិន បាននោះទេ។ ក៏ប៉ុន្តែយ៉ាងហោចណាស់ រុស្ស៊ីអាចទាញបានផលប្រយោជន៍ខ្លះៗដែរពីការចូលរួមរបស់ខ្លួននៅក្នុង តំបន់។ ដូច្នេះតើរុស្ស៊ីពិតជា «យក្សកន្ដឿនយោបាយ» ដូចគេថាមែនទេ? ហើយថាតើមានមូលហេតុអ្វីបានជាមហាអំណាចយោធាលេខ២ លើលោកមួយនេះមិនសូវមាន ទឹកមាត់ប្រៃនៅអាស៊ី?
*រុស្ស៊ីមើលឃើញអឺរ៉ុប សំខាន់ជាងអាស៊ី
រុស្ស៊ីជាប្រទេសមួយដែលមានជើងម្ខាងជាប់អាស៊ី និងជើងម្ខាងទៀតជាប់អឺរ៉ុប។ តែទោះជាមានទឹកដីជាង ៧០ភាគរយជាប់តំបន់អាស៊ី រុស្ស៊ីបានចាត់ទុកខ្លួនឯងជាប្រទេស អឺរ៉ុប ជាជាងជាប្រទេសអាស៊ី ហើយការចាត់ទុកខ្លួនជាប្រទេសអឺរ៉ុបនេះឯង ធ្វើឱ្យរុស្ស៊ីមានគោលនយោបាយការបរទេស និងសន្តិសុខជាតិផ្ដោតជាសំខាន់លើតំបន់អឺរ៉ុប ជាអាទិភាព។ បើតាមក្រុមអ្នកជំនាញ វប្បធម៌, នយោបាយ, ប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រ សុទ្ធតែជាកត្តាកំណត់ឱ្យរុស្ស៊ីជ្រើសរើសធ្វើជាប្រទេសអឺរ៉ុប មិនមែនជាអាស៊ី ឬក៏អឺរ៉ាស៊ីនោះទេ។ លើសពីនេះទៅទៀត ទំនាក់ទំនងរវាងរុស្ស៊ី និងប្រទេសអឺរ៉ុបខាងលិច មកទល់នឹងបច្ចុប្បន្ន គឺហ៊ុមព័ទ្ធដោយការប្រជែងភូមិសាស្ត្រនយោបាយដណ្ដើម ឥទ្ធិពលនៅក្នុងបណ្ដាប្រទេសជាអតីតដែនដីសហភាពសូវៀតក្នុងតំបន់អឺរ៉ុបខាងកើត ស្របពេលដែលចិន និងរុស្ស៊ីគ្មានការប្រជែងដណ្ដើមឥទ្ធិពលគ្នាបែបនេះទេ។
ជាការពិតណាស់ រុស្ស៊ីក៏មានការព្រួយបារម្ភពីការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីកណ្ដាលដែរ ប៉ុន្តែទាស់នៅត្រង់ថារុស្ស៊ីចាត់ទុកតំបន់អឺរ៉ុបខាងកើតជាដែនឥទ្ធិពល នៃភូមិសាស្ត្រនយោបាយសំខាន់ជាងតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការផ្ដោតជាសំខាន់របស់ចិនលើការប្រជែងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក ខាងលិច វាបានជួយកាត់បន្ថយការព្រួយបារម្ភរបស់រុស្ស៊ីបានខ្លះដែរ។ ត្រង់នេះមានន័យថា រុស្ស៊ីមើលឃើញអឺរ៉ុបខាងកើតសំខាន់ជាងអាស៊ីកណ្ដាល រីឯចិនមើលឃើញ តំបន់ប៉ាស៊ីហ្វិកខាងលិចសំខាន់ជាងអាស៊ីកណ្ដាល។ ការបែងចែកប្រយោជន៍ភូមិសាស្ត្របែបនេះឯង ជាកត្តាមួយធ្វើឱ្យរុស្ស៊ី និងចិនអាចចាប់ដៃគ្នាបានដើម្បីបន្សាបឥទ្ធិពល របស់សហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិចដែលពួកគេចាត់ទុកថាជា «សត្រូវរួម»។
ដូច្នេះចង់ ឬមិនចង់ ដោយផ្ដោតជាសំខាន់លើការរក្សា និងការពង្រីកឥទ្ធិពលនៅអឺរ៉ុប រុស្ស៊ីដឹងច្បាស់ថាការប្រកួតប្រជែងនៅអឺរ៉ុបជាមួយអង្គការ NATO ផង និងនៅអាស៊ី ជាមួយចិនផង មិនមែនជាជម្រើសល្អនោះទេ។ តែផ្ទុយទៅវិញ រុស្ស៊ីត្រូវការចិនដើម្បីប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។
*រុស្ស៊ីចាត់ទុកចិនសំខាន់ ជាងអាស៊ីទាំងមូល
ចាប់តាំងពីមានភាពតានតឹងផ្នែកទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជុំវិញការក្រសោបយកតំបន់គ្រីមៀពីប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ មក រុស្ស៊ីបានងាកមកបង្កើនទំនាក់ទំនងជាមួយចិនរឹតតែខ្លាំង។ ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងមូស្គូហាក់ដូចជាមិនបានពង្រឹង ឬបង្កើនទំនាក់ទំនងជាមួយបណ្ដាប្រទេស ដទៃនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឡើយ។
បើតាមក្រុមអ្នកជំនាញ ប្រយោជន៍របស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឬតំបន់អាស៊ីអាគ្នេយ៍ គឺពឹងផ្អែកលើទំនាក់ទំនងយុទ្ធសាស្ត្រជាមួយចិនដែលបានក្លាយជាអាទិភាព មួយនៅក្នុងរបៀបវារៈនិងនយោបាយការបរទេសរុស្ស៊ីនៅក្នុងតំបន់។ ពោលគឺ រុស្ស៊ីដឹងច្បាស់ថាដើម្បីប្រជែងជាមួយសហរដ្ឋអាមេរិកដែលមានសម្ព័ន្ធមិត្តនៅជុំវិញ ពិភពលោក គឺចាំបាច់ណាស់ត្រូវតែសហការ ក៏ដូចជារួមដៃគ្នាជាមួយមហាអំណាចដូចជាចិនទើបបាន។ ប្រយោជន៍ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និងមានរបៀបដឹកនាំ ដោយបុរសខ្លាំងតែម្នាក់ដូចគ្នា បានជំរុញឱ្យចិន និងរុស្ស៊ីកាន់តែស្និទស្នាល បូករួមទាំងការចាត់ទុកសហរដ្ឋអាមេរិកជា «សត្រូវរួម» វាកាន់តែធ្វើឱ្យប្រទេសទាំង២ ត្រូវការគ្នា ទៅវិញទៅមក។
រុស្ស៊ីត្រូវការទីផ្សារចិន ដើម្បីរំដោះខ្លួនពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប រីឯចិនវិញត្រូវការរុស្ស៊ីដែលជាមហាអំណាចយោធាលេខ២នៅលើលោកដើម្បីកំញើញ សហរដ្ឋអាមេរិក។
*ទំនាក់ទំនងមានកម្រិតរបស់រុស្ស៊ី ជាមួយអាស៊ាន
ទីក្រុងមូស្គូបានចូលរួមកាន់តែសកម្មជាងមុនជាមួយអាស៊ានចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈការបង្កើតកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ហើយរុស្ស៊ីក៏បានទទួលជោគជ័យ ខ្លះៗដែរពីទំនាក់ទំនងនេះ ក្នុងនោះរួមមានទាំងការបង្កើនការលក់អាវុធ, ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិស័យថាមពលជាមួយបណ្ដាលប្រទេសជា សមាជិកអាស៊ាន។
ក៏ប៉ុន្តែ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងអាស៊ានមិនបានឈានដល់ដំណាក់កាលស្អិតរមួត ដែលធ្វើឱ្យរុស្ស៊ីមានទម្ងន់ ឬទឹកមាត់ប្រៃលើអាស៊ាននោះទេ ខណៈទំនាក់ទំនង ជាមួយឥណ្ឌូណេស៊ី, វៀតណាម និងមីយ៉ាន់ម៉ា ដែលជាម៉ូយទិញអាវុធពីខ្លួន ក៏មិនបានឈានដល់ចំណុចកំពូលដែរ។ កត្តាមួយដែលគេមើលឃើញថារុស្ស៊ីមិនសូវមានទម្ងន់ លើអាស៊ាន នោះគឺដោយសារតែអាស៊ានមិនមែនជាអាទិភាពខ្ពស់សម្រាប់នយោបាយការបរទេសរបស់រុស្ស៊ី ហើយទាំងរុស្ស៊ី និងអាស៊ានក៏មិនត្រូវការគ្នាទៅវិញទៅមក ខ្លាំងណាស់ណានោះដែរ។
រឹតតែសំខាន់ទៅទៀត រុស្ស៊ីផ្ដោតលើទំនាក់ទំនងយុទ្ធសាស្ត្រជាមួយចិនតែប៉ុណ្ណោះក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដែលនេះហើយធ្វើឱ្យបណ្ដាប្រទេសជា សមាជិកអាស៊ានភាគច្រើនយល់ថារុស្ស៊ីមិនទាន់ក្លាយជាតួអង្គគួរឱ្យទុកចិត្តបាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ៕
ប្រភព៖ Carnegie Endowment, Diplomat (ថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១)