(ដាម៉ាស)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី សាណា (SANA) បានរាយការណ៍ថា មូលដ្ឋានយោធាអាមេរិកដែលស្ថិតនៅខេត្តឌែរអាល់ហ្សួរ (Deir al-Zour) ភាគខាងកើតប្រទេសស៉ីរី ត្រូវបានរងការវាយប្រហារដោយរ៉ុក្កែតជាច្រើនគ្រាប់ កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័តមានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៉ីរី SANA គ្រាប់រ៉ុក្កែតដែលបានបាញ់ប្រហារទៅលើមូលដ្ឋានយោធាអាមេរិក al-Omar Oil Field ដែលស្ថិតនៅក្នុងទីជនបទនៃខេត្ត Deir al-Zour ភាគខាងកើតប្រទេសស៉ីរីនេះ ត្រូវបានគេស្គាល់ថា ជាគ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់។ គ្រាប់រ៉ុក្កែតនេះត្រូវបានបាញ់ចេញពីទីក្រុង al-Mayadeen ដែលស្ថិតនៅក្នុងទីជនបទនៃខេត្ត Deir al-Zour បានផ្ទុះនៅខាងក្នុងមូលដ្ឋាន ដោយបង្កឱ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ទោះយ៉ាងណា អ្នកនាំពាក្យយោធាអាមេរិក លោកវរៈសេនីយឯក វេនី ម៉ារ៉ូតតូ (Wayne Marotto) បានបដិសេធថា «វាមិនមែនជាការពិតទេ ដែលរបាយការណ៍បានអះអាងថា កងកម្លាំងអាមេរិកនៅក្នុងប្រទេសស៊ីរី ត្រូវបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅថ្ងៃនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅនេះ មូលដ្ឋានយោធាអាមេរិក al-Omar Oil Field ដែលស្ថិតនៅតំបន់ដដែលជិតព្រំដែននៃប្រទេសស៉ីរី និងអ៊ីរ៉ាក់ក៏ត្រូវបានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ដោយក្រុមអ្នកប្រយុទ្ធគាំទ្រអ៊ីរ៉ង់ផងដែរ៕