Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: នាយករដ្ឋមន្ត្រីថៃ «ធ្វើចត្តាឡីស័ក» ក្រោយពីបានជួប ពាណិជ្ជករម្នាក់នៅភូកេត ដែលត្រូវបានធ្វើតេស្ត «វិជ្ជមានកូវីដ-១៩» (Video inside)

05-07-2021 17:11

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចាប់ផ្តើមធ្វើចត្តាឡីស័កហើយ ចាប់ពីថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ បន្ទាប់ពីលោកបានជួបពិភាក្សាផ្ទាល់ ជាមួយពាណិជ្ជករថៃម្នាក់ ដែលក្រោយមកបានធ្វើតេស្តវិជ្ជមាន COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post នាល្ងាចថ្ងៃចន្ទនេះ។

លោក ប្រាយុទ្ធ ត្រូវបានគេដឹងថា បានជួបពិភាក្សាផ្ទាល់ជាមួយលោក វីរ៉ាសាក់ ភីសានុវង់ (Veerasak Pisanuwong) ប្រធានសភាពាណិជ្ជកម្មប្រចាំខេត្ត សុរិន្ទ (Surin) នៅអំលុងពេលលោកបំពេញទស្សនកិច្ច នៅក្នុងខេត្ត ភូកេត (Phuket) កាលពីថ្ងៃទី០១ ខែកក្កដា ដើម្បីបើកដំណើរការវិស័យទេសចរណ៍ នៅខេត្តដីកោះភាគខាងត្បូងថៃនោះឡើងវិញ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក អនុឆា ភូរ៉ាផាឆៃស្រ៊ី (Anucha Burapachaisri) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទនេះថា «ខ្ញុំសូមធ្វើការបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីនឹងបន្តបំពេញការងារដូចធម្មតា (អំលុងពេលធ្វើចត្តាឡីស័ក) និងតាមដានស្ថានការណ៍ យ៉ាងយកចិត្តទុកដាក់បំផុត...»។

គួរបញ្ជាក់ថា លទ្ធផលធ្វើតេស្តរបស់លោក ប្រាយុទ្ធ ក្នុងដំណាក់កាលទី ១ គឺ «អវិជ្ជមាន»។ លោក ប្រាយុទ្ធ បានចាកចេញពីវិមានរដ្ឋាភិបាលថៃ កាលពីរសៀលថ្ងៃចន្ទនេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយមន្ត្រីទូតមីយ៉ាន់ម៉ា ដើម្បីទៅធ្វើចត្តាឡីស័ក និងបំពេញកិច្ចការងារពីគេហដ្ឋានរបស់លោក៕