(ប៉េកាំង)៖ ក្នុងមហាសន្និបាតអបអរសាទរខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ដែលបើកធ្វើនៅថ្ងៃទី១ខែកក្កដា លោក ស៊ី ជីនភីង ថ្នាក់ដឹកនាំកំពូលប្រទេសចិនបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ប្រទេសចិនបានសម្រេចការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ។ តើសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ មានលក្ខណៈយ៉ាងណា? ចម្លើយគឺនៅត្រង់ការស្លៀកពាក់ ការហូបចុក ការស្នាក់នៅ និងការធ្វើដំណើររបស់ប្រជាជនចិន។
លោកយាយ Siqu ជាអ្នកគង្វាលនៃភូមិណាឡុងឃុំអ៊ូម៉ា ស្រុកតាំងស៊ុង ក្រុងឡាសា។ នៅឆ្នាំ១៩២៩ លោកយាយបានកើតនៅក្នុងក្រោលគោ។ លោកយាយបានថ្លែងថា «ពេលខ្ញុំនៅក្មេងមានអាវស្បែកចៀមតែមួយគត់ បានពាក់នៅពេលថ្ងៃ និងធ្វើជាភួយនៅពេលយប់ អាវមួយត្រូវឆ្លងកាត់រដូវរងាដ៏វែង»។ បច្ចុប្បន្ននេះ លោកយាយ Siqu មិនត្រឹមតែស្លៀកពាក់បានល្អប៉ុណ្ណោះទេ ថែមទាំងហូបបានឆ្ងាញ់ទៀតផង លោកយាយបានថ្លែងថា «ឥឡូវខ្ញុំមានអាយុជាង ៩០ឆ្នាំហើយ អ្វីក៏ដោយដែលខ្ញុំហូបសុទ្ធតែឆ្ងាញ់ណាស់»។
ទន្ទឹមនឹងកិច្ចកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ជីវភាពរស់នៅរបស់ប្រជាជនស៊ីចាំង ក៏ត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោដែរ នេះអាចបង្ហាញតាមរយៈបម្រែបម្រួល នៃសម្លៀកបំពាក់របស់ពួកគេ។
ពី «ការស្លៀកពាក់អាវតែមួយក្នុងរដូវច្រើន» ដល់ «ការស្លៀកពាក់អាវច្រើនក្នុងរដូវមួយ» ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនស៊ីចាំងមិនត្រឹមតែបានដោះស្រាយបញ្ហាស្លៀកពាក់ប៉ុណ្ណោះទេ ថែមទាំងក៏បានចាត់ទុកសម្លៀកបំពាក់ជនជាតិ ជាឧស្សាហកម្មមួយដើម្បីអភិវឌ្ឍឱ្យរីកចម្រើនទៀតផង។ បច្ចុប្បន្ននេះ ឧស្សាហកម្មសម្លៀកបំពាក់ បានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់កសិករ និងអ្នកគង្វាលនៅស៊ីចាំងបង្កើនប្រាក់ចំណូល និងមានជីវភាពធូរធារបង្គួរ៕