(ម៉ានីឡា)៖ យន្តហោះយោធាមួយគ្រឿងបានធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ២៩នាក់ ខណៈមនុស្សរាប់សិបនាក់ត្រូវបានទាញចេញពីកម្ទេចកម្ទីដែលកំពុងឆេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។
យន្ដហោះយោធាខាងលើ ដឹកមនុស្សជាង៩០នាក់ ដែលភាគច្រើនជាទាហាន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង ៣០នាទីម៉ោងក្នុងស្រុក នៅចម្ងាយតែពីរបីគីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជននៃកោះ Jolo។
ប្រភពពីយោធាហ្វីលីពីនបានឲ្យដឹងថា មនុស្ស ៥២នាក់បានរងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅក្នុងតំបន់ ខណៈក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្សចំនួន ១៧នាក់ទៀត ដែលបានបាត់ខ្លួន។
ទោះជាយ៉ាងណា មូលហេតុដែលបង្កឲ្យមានឧប្បត្តិហេតុនេះ គេនៅមិនដឹងនៅឡើយទេ។ ប៉ុន្តែបើយោងតាមឯកសាររបស់កងទ័ពអាកាសហ្វីលីពីនបានឲ្យដឹងថា យន្តហោះឈ្មោះ C130 Hercules ដែលធ្លាក់នេះ គឺជាយន្តហោះមួយទឹក ទើបទិញពីយោធាសហរដ្ឋអាមេរិក៕