(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៩១៦ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៨៧៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ៣៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។

មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៤៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរនៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា (ជាករណីស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃ)។

គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៨៣,០៦៧ករណី ក្នុងនោះមានអ្នកស្លាប់ ២,២២៥នាក់ និងអ្នកជាសះស្បើយ ២២០,៩០៣នាក់។

ដោយឡែក សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងវិញ ថៃសម្រេចបានសរុប ១០.៦៧លានដូសហើយ ដោយក្នុងនោះប្រជាជន ២.៨៦លាននាក់ ឬស្មើនឹង ៤.១% នៃចំនួនប្រជាជនសរុប បានចាក់គ្រប់ដូស៕