(ផ្ល័ររីដា)៖ ក្រុមអ្នកជួយសង្រ្គោះនៅក្នុងសហរដ្ឋអាមេរិកបានទាញសាកសពមនុស្ស ២នាក់ទៀតចេញពីគំនរបាក់បែក ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់ ក្នុងសោកនាដកម្មបាក់រលំអគារខុនដូន Champlain Towers ក្នុងរដ្ឋផ្ល័ររីដា កើនដល់ ២៤នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។
មកទល់ពេលនេះ ពុំទាន់រកឃើញមានជនរងគ្រោះណាម្នាក់នៅមានជីវិតឡើយ បន្ទាប់ពីអគារខុនដូខាងលើបានរលំជាងមួយសប្តាហ៍មកនេះ ហើយមនុស្ស ១២១នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ។ អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុបទាំងអស់ ១៣៦បន្ទប់ ហើយប្រមាណ ៥៥បន្ទប់បានបាក់រលំចុះមក។
គួរបញ្ជាក់ថា មិនទាន់មានការរកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឲ្យកើតមានសោកនាដកម្ម រលំអគារខាងលើនេះទេ។ រីឯក្រុមជួយសង្រ្គោះកំពុង បង្កើនល្បឿនប្រតិបត្តិការជួយសង្គ្រោះរបស់ពួកគេ ស្របពេលព្យុះត្រូពិច Elsa ដែលកំពុងវាយប្រហារលើតំបន់ Caribbean ត្រូវបានគេរំពឹងថានឹងបក់បោក មកដល់រដ្ឋផ្ល័ររីដា នៅដើមសប្ដាហ៍ក្រោយនេះ៕