(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក WHO លោក Tedros បាននិយាយថាវីរុស COVID-19 បម្លែងថ្មី Delta បានឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីចំនួន៩៨ ហើយនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយក្នុងសប្ដាហ៍នេះ លោក Tedros បានបញ្ជាក់ទៀតថា វីរុសបម្លែងថ្មី Delta ដែលត្រូវបានគេរកឃើញមុនគេនៅក្នុង ប្រទេសឥណ្ឌា កាលពីខែតុលា ឆ្នាំ២០២០ គឺពិតជាមានគ្រោះថ្នាក់ ហើយវានៅតែបន្តវិវត្តខ្លួន ក៏ដូចជាបម្លែងខ្លួនដែលនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ ខ្ពស់ និងការបន្តអនុវត្តវិធានការសុខាភិបាលនានាឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា បើតាមលោក Tedros វីរុសបម្លែងថ្មី Delta បាន និងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សទាំងនៅតាមបណ្ដាប្រទេសដែលមានអាត្រា ចាក់វ៉ាក់សាំងទាប និងខ្ពស់។ ប៉ុន្តែ លោកនៅតែអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់ចាកវ៉ាក់សាំងឱ្យបានយ៉ាងហោច ១០ភាគរយនៃប្រជាជនសរុបរបស់ខ្លួន ឱ្យបានកានតែឆាប់ តាមដែលអាចធ្វើទៅបាន ព្រោះវ៉ាក់សាំងដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ននៅតែមានប្រសិទ្ធប្រឆាំងនឹងវីរុសបម្លែងថ្មីនេះ៕