(ហ្គាហ្សា)៖ យន្ដហោះចម្បាំងអ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសសាជាថ្មីលើតំបន់ហ្គាហ្សា ដែនដីប៉ាឡេស្ទីនជាការសងសឹក ទៅនឹងការបង្ហោះប៉េងប៉ោងភ្ជាប់គ្រាប់ផ្ទុះចូលមកក្នុងទឹកដីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១។
ការវាយប្រហារតាមផ្លូវអាកាសខាងលើធ្វើឡើងកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅក្នុងតំបន់) ដោយយន្ដហោះអ៉ីស្រាអែល ២គ្រឿងបាន បាញ់មីស៊ីលពីរគ្រាប់លើមូលដ្ឋានយោធាមួយរបស់ក្រុមហាម៉ាស់ ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា។ បន្ថែមពីលើនេះ គ្រាប់មីស៊ីលជាច្រើន គ្រាប់ក៏ត្រូវបានគេរាយការណ៍ថាធ្លាក់ចំមូលដ្ឋានក្រុមហាម៉ាស់ជាច្រើនទីតាំងផ្សេងទៀតផងដែរនៅឯភាគខាងជើង និងភាគខាងលិចតំបន់ ហ្គាហ្សា។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬស្លាប់ ព្រមទាំងការខូចខាតនៅឡើយទេ។
គួរបញ្ជាក់ថា បើតាមអ៉ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ សកម្មជនប៉ាឡេស្ទីនមួយចំនួនបានបង្ហោះប៉េងប៉ោងមានភ្ជាប់គ្រាប់ផ្ទុះជាច្រើន ចេញពីតំបន់ហ្គាហ្សា ចូលទៅភាគខាងត្បូងនៃទឹកដីអ៉ីស្រាអែល ដោយបង្កឱ្យមានអគ្គិភ័យ តែមិនមានអ្នករងរបួសទេ៕