(តូក្យូ)៖ សាកសពមនុស្ស២នាក់ ត្រូវបានរកឃើញ ខណៈ២០នាក់កំពុងបន្តបាត់ខ្លួន ហើយលំនៅឋានយ៉ាងតិច១០ខ្នង ត្រូវបានបំផ្លាញទាំងស្រុង និងជាច្រើនខ្នងទៀតរងការប៉ះពាល់ ក្នុងគ្រោះរអិលបាក់ដីយ៉ាងធំសម្បើមមួយ នាថ្ងៃសៅរ៍នេះ នៅភាគកណ្តាលប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។

ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) ក្នុងទីក្រុងអាតាមី (Atami) នៃខេត្ត ស៉ីហ្ស៊ូកា (Shizuoka) ចំពេលមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ នៅតាមតំបន់បណ្តោយឆ្នេរជាប់មហាសមុទ្រប៉ាស៉ីហ្វិក ក្នុងភាគកណ្តាល និងភាគខាងកើតនៃប្រទេសជប៉ុន។

នាយករដ្ឋមន្រ្តីជប៉ុន លោក យ៉ូស៉ីហីដេ ស៊ូហ្គា (Yoshihide Suga) បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីឆ្លើយតបចំពោះមហន្តរាយរអិលបាក់ដីនេះ រួមជាមួយគ្រោះអាសន្នផ្សេងៗទៀត ដែលបង្កឡើងពីការធ្លាក់ភ្លៀងខ្លាំង។ ប្រជាជនជប៉ុនជាច្រើននាក់ នៅខេត្តចំនួន៣គឺ កាណាហ្គាវ៉ា (Kanagawa), ឈីបា (Chiba) និងរួមទាំង ស៉ីហ្ស៊ូកា ផងដែរ ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួន។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២០ មនុស្សរាប់សិបនាក់ បានស្លាប់ដោយសារទឹកជំនន់នៅប្រទេសជប៉ុន ខណៈជាង២០០នាក់ បានបាត់បង់ជីវិត កាលពីឆ្នាំ២០១៨ នៅពេលដែលផ្នែកមួយចំនួន នៃតំបន់ភាគខាងលិចរបស់ជប៉ុន បានរងការជន់លិចខ្លាំង៕