(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ដល់ទៅ៩២២នាក់ទៀត ដែលវាជាតួលេខករណីឆ្លងប្រចាំថ្ងៃច្រើនបំផុត របស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៨នាក់ ជាករណីឆ្លងនាំចូលពីក្រៅប្រទេស និង៩១៤នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ហើយទីក្រុងហូជីមិញតែឯងរាប់រងចំនួន៧១៤ករណី។ សម្រាប់តួលេខករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ដែលវៀតណាមធ្លាប់បានប្រកាសកន្លងមកគឺ កាលពីថ្ងៃទី២៥ ខែឧសភា ដែលមានចំនួន៨៤៥នាក់។
គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ វៀតណាមក៏មានអ្នកជំងឺកូវីដ១៩ ទើបតែស្លាប់ម្នាក់ទៀត និងអ្នកទើបជាសះស្បើយ២៤៨នាក់ផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៩,០៤៣នាក់ ក្នុងនោះស្លាប់៨៤នាក់៕