(ម៉ានីល)៖ មន្រ្តីហ្វីលីពីននៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា មនុស្សជាង ២,០០០នាក់ត្រូវបានជម្លៀសខ្លួនចេញយ៉ាងបន្ទាន់ ខណៈកម្អែលផេះ និងផ្សែងដែលជះចេញពីភ្នំភ្លើង ថាអាល (Taal) ដែលស្ថិតនៅក្បែររដ្ឋធានីនៃប្រទេសហ្វីលីពីន កំពុងតែកព្រ្ជោលខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅល្ងាចថ្ងៃសៅរ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២១។
ភ្នំភ្លើង Taal ដែលស្ថិតនៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីម៉ានីល (Manila) ប្រទេសហ្វីលីពីន បាននិងកំពុងជះកម្អែលផេះ និងផ្សែងទៅលើអាកាស អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលបង្កើតជាផ្សែងដ៏ក្រាស់នៅទូទាំងទីក្រុងម៉ានីល និងនៅតាមបណ្តាខេត្តជុំវិញនោះ ដោយទីភ្នាក់ងារឃ្លាំមើល សកម្មភាពភ្នំភ្លើងហ្វីលីពីនបានព្រមានថា វាអាចប៉ះពាល់ដល់សុខភាព ហើយមនុស្សជាង ៣១៧,០០០នាក់អាចងាយរងគ្រោះ ដោយសារផ្សែងដែលជះចេញពីភ្នំភ្លើងនោះ។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន លោក ចូសេលីតូ ខាស្ត្រូ (Joselito Castro) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន AFP ថា យ៉ាងហោចណាស់មនុស្សចំនួន ២,៤០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីរដ្ឋាភិបាលបានអំពាវនាវឱ្យមាន ការជម្លៀសប្រជាជននៅក្បែរតំបន់ភ្នំនោះ ចេញទៅកាន់ទីកន្លែងសុវត្ថិភាព។
លោក Joselito Castro បានគូសបញ្ជាក់បន្ថែមថា យើងរំពឹងថា នឹងមានប្រជាជនកាន់តែច្រើនទៀត ដែលត្រូវជម្លៀសចេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ពួកគេកំពុងស្វែងរកកន្លែងជ្រកកោន ក៏ដូចជានៅតាមសាលារៀនដែលបានបិទទ្វារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ឬនៅតាមផ្ទះសម្បែងសាច់ញាតិរបស់ពួកគេជាដើម។
គួរបញ្ជាក់ថា ការផ្ទុះភ្នំភ្លើង Taal កាលពីឆ្នាំ១៩១១ នៅក្នុងប្រទេសហ្វីលីពីន បានផ្ដាច់ជីវិតមនុស្សច្រើនជាង ១,៣០០នាក់ ហើយកាលពីខែមករា ឆ្នាំ២០២០ ភ្នំភ្លើងមួយនេះក៏ធ្លាប់បញ្ចេញសកម្មភាពផងដែរ ដោយនៅកាលណោះបង្ខំឱ្យមនុស្សច្រើនជាង ១០០,០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ទៅរកទីកន្លែងមានសុវត្ថិភាព៕